ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំដល់ថ្នាក់ដឹកនាំ និងអង្គភាពក្រោមចំណុះ នូវវិធានការបន្ទាន់សម្រាប់បង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំដល់ថ្នាក់ដឹកនាំ និងអង្គភាពក្រោមចំណុះ នូវវិធានការបន្ទាន់សម្រាប់បង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំដល់ថ្នាក់ដឹកនាំ និងអង្គភាពក្រោមចំណុះ នូវវិធានការបន្ទាន់សម្រាប់បង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

អនុវត្តតាមការអំពាវនាវ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំនូវវិធានការបន្ទាន់ដល់ថ្នាក់ដឹកនាំ និងគ្រប់អង្គភាពចំណុះក្រសួងមហាផ្ទៃ ដូចខាងក្រោម ៖

ទី១-អគ្គនាយកដ្ឋាន និងអង្គភាពនានា ត្រូវកាត់បន្ថយមន្ត្រីមកបំពេញការងារ ដោយតម្រូវឲ្យចាត់មន្ត្រីពី ០៥ ទៅ ០៧នាក់ ប្រចាំការនៅតាមអង្គភាពនីមួយៗ ចាប់ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។ ក្នុងនោះ អគ្គនាយកដ្ឋាន និងអង្គភាពនានាត្រូវរៀបចំបញ្ជីឈ្មោះមន្ត្រីប្រចាំការទាំងនោះ បញ្ជូនមក អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ នេះ។ ជាងនេះទៀត មន្ត្រីដែលត្រូវបានចាត់ឲ្យយមកប្រចាំការ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវនូវវិធានការការពារជំងឺកូវីដ-១៩។

ទី២-ថ្នាក់ដឹកនាំ មន្ត្រី និងអនុរក្សពន្ធនាគារនៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនានាទូទាំងប្រទេស ត្រូវបន្តបំពេញការងារជាធម្មតា ដោយត្រូវលើកកម្ពស់ការពង្រឹង ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពឲ្យបានហ្មត់ចត់ជាមួយនឹងការបន្តការអនុវត្តវិធានការនានារបស់ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។ ប្រគល់ភារកិច្ចជូន ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំសម្របសម្រួលពង្រឹងការអនុវត្តវិធានការការពារជំងឺកូវីដ-១៩ នៅតាមពន្ធនាគារ និងមណ្ឌលអប់រំ កែប្រែនានា។

ទី៣-ប្រគល់ភារកិច្ចជូនឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំសម្របសម្រួល ជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា អំពីកិច្ចដំណើរការ និងការពង្រឹងការអនុវត្តវិធានការការពារជំងឺកូវីដ-១៩។

ទី៤-អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ត្រូវរៀបចំប័ណ្ណចេញ-ចូល ផ្ដល់ជូនចំពោះតែថ្នាក់ដឹកនាំ និងមន្ដ្រីដែលត្រូវបានចាត់ឲ្យមកប្រចាំការតែប៉ុណ្ណោះ។

ទី៥-ដើម្បីធានានិរន្តរភាពការងាររបស់ក្រសួងមហាផ្ទៃ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីរាជការស៊ីវិល មន្ដ្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលពុំមានភារកិច្ចចាំបាច់ ត្រូវបន្តបំពេញការងារតាមរយៈអនឡាញ (Online)។

ទី៦-ត្រូវផ្អាកជាបណ្តោះអាសន្ននូវការជួបជុំ ការប្រារព្ធពិធី ការសំណេះសំណាលនានា ដែលមានលក្ខណៈ ទ្រង់ទ្រាយធំ និងមានមនុស្សចូលរួមកុះករ។

ទី៧- ត្រូវតាមដាន ត្រួតពិនិត្យសុខភាពរបស់ខ្លួនជាប្រចាំ។ សម្រាប់មន្ត្រីរាជការដែលមានអាការក្តៅខ្លួន ក្អក ផ្តាសាយ ឬមានការសង្ស័យណាមួយពាក់ព័ន្ធនឹងជំងឺកូវដ-១៩ ពុំចាំបាច់មកបំពេញការងារនោះទេ និងត្រូវរាយការណ៍ទៅអង្គភាពរបស់ខ្លួន ហើយត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ឬទាក់ទងទៅភ្នាក់ងារសុខាភិបាលតាមរយៈទូរស័ព្ទលេខ១១៥។

និងទី៨-ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ (ពាក់ម៉ាស់, លាងដៃ, គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១,៥០ម៉ែត្រ ឡើងទៅឲ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង និងអនុវត្តឲ្យបានគ្រប់គ្នា) និង ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ ចេញចូល, កុំទៅកន្លែងមនុស្សច្រើនកុះករ, កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបថើបគ្នា)។

Leave a Reply