លោកយាយ លោកតាចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិធិចាស់ជរារបស់លោកជំទាវ បាន ស្រីមុំ អ៊ី ឈាន

ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហុក សុផល ក្នុងនាមលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធាន​មូលនីធិ​ចាស់ជរា និងជាអភិបាលខេត្តប៉ៃលិន បានដឹកនាំ យុវជន សសយក យុវជនកាកបាទក្រហម និង ក្រុម​ការងារមូល​នីធិ អញ្ជើញសំណេះសំណាល​សួរ​សុខ​ទុក្ខ ជាមួយ​លោកតា លោកតាចាស់ជរាគ្មានទីពឹង និងមាន​ជីវភាពខ្វះខាតទូទាំង​ខេត្ត​ប៉ៃលិន ដែលមក​ទទួល​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ពីក្រុមការងាររបស់មូលនិធិ

ប៉ៃលិន៖ ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហុក សុផល ក្នុងនាមលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធាន​មូលនីធិ​ចាស់ជរា និងជាអភិបាលខេត្តប៉ៃលិន បានដឹកនាំ យុវជន សសយក យុវជនកាកបាទក្រហម និង ក្រុម​ការងារមូល​នីធិ អញ្ជើញសំណេះសំណាល​សួរ​សុខ​ទុក្ខ ជាមួយ​លោកតា លោកតាចាស់ជរាគ្មានទីពឹង និងមាន​ជីវភាពខ្វះខាតទូទាំង​ខេត្ត​ប៉ៃលិន ដែលមក​ទទួល​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ពីក្រុមការងាររបស់មូលនិធិ ។

ឯកឧត្តម ហុក សុផល ​បានមានប្រសាសន៍នាំមកនូវបណ្តាំផ្ញើសាកសួរសុខ​ទុក្ខពីសំណាក់​ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានមូលនីធិ ជូនដល់​លោក​យាយ លោកតាចាស់ជរាទាំងអស់ ដែលជានិច្ច​កាលឯកឧត្តម និងលោកជំទាវ តែងតែគិតគូពី​សុខទុក្ខរបស់​ប្រជា​ពល​រដ្ឋ​គ្រប់រូប គ្រប់​កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងខេត្តប៉ៃលិន ។

ឯកឧត្តម បានមានប្រសាសន៍លើកឡើងថា៖ មូលនិធិនេះបានបង្កើតឡើងក្នុងគោលបំណង និងទិស​ដៅ​ជួយ​ដល់​​លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី​ ៧០ឆ្នាំ​ឡើងទៅ ដែលពុំមានលទ្ធ​ភាព​អាចចេញទៅប្រកបមុខរបរដើម្បីចិញ្ចឹមជីវិតបាន ក៍ដូចជា​ការជួយលើកកំពស់​កម្រិត​ជីវភាព និងបំប៉នថែរទាំសុខភាព​លោក​យាយលោកតា ដោយមិន​ប្រកាន់បក្សពួក និងនិន្នាការ​នយោបាយ​ឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំ​ធេងណាស់ ក្នុងការជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែ អំពើល្អ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហុក សុផល ក៍បានមានប្រសាសន៍បញ្ជាក់ថា៖ រាជដ្ឋាភិបាលកម្ពុជា អណត្តិទី៧ ដែល​មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តយកចិត្តទុកដាក់ខ្ពស់លើបញ្ហាជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ ដោយមានការកសាងនូវសាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្រ្ត ស្ពាន ថ្នល់ យ៉ាង​ច្រើន​ខ្វាត់ខ្វែងទូទាំងប្រទេស ដែលសម្រួលដល់ការបង្ករបង្កើនផល ចិញ្ចឹមសត្វ ការធ្វើដំណើរ ការដឹកជញ្ជូន សព្វបែប​យ៉ាង ក៏ដូចជាការទាក់ទាញអ្នកវិនិយោគបរទេស មកដាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា បង្កើតមុខរបរជូនប្រជាពលរដ្ឋ និងធ្វើអោយជីវភាពរបស់ពលរដ្ឋមានការរីកចំរើនជាលំដាប់។

លោកយាយ លោកតា ដែលបានទទួលប្រាក់ឧបត្ថម្ភប្រចាំខែពីមូលនិធិចាស់ជរា បានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ និងបានជូនពរស័ព្ទសារធុការ ចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានមូល​និធិ​ចាស់ជរា ​តែង​​តែជួយឧបត្ថម្ភថវិកា ដល់ពួកគាត់ជារៀងរាល់ខែ ដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ បានធូរស្រាល​មួយកម្រឹត​ធំ ។

សូមបញ្ជាក់ថា៖ មូលនិធិចាស់ជរា ក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន និងលោក​ជំទាវបណ្ឌិត បាន ស្រីមុំ បានបើក​ផ្តល់​ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់លោកយាយ លោកតា ចាស់ជរា ចំនួន ៥៤នាក់ ដោយ​ក្នុងម្នាក់ៗ​ទទួល​បាន​​​ថវិកា ចំនួន ១០ម៉ឺនរៀល ហើយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ លោកជំទាវប្រធាន​មូលនីធី ក៍បានរៀបចំម្ហូបអាហារ និងជូនអាវប៉ាក់សម្រាប់ទៅវត្ត ដល់លោកយាយលោកតាផងដែរ ។