ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បានអញ្ជើញអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដោយបានផ្តោតជាសំខាន់ទៅលើ ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារពាក់ព័ន្ធទៅនឹងបទល្មើសធនធានធម្មជាតិ ជលផល ចោរកម្ម រួមទាំងអំពើជួញដូរគ្រឿងញៀន ការកាប់ទន្រ្ទានដីព្រៃលិចទឹកយកដីធ្វើជាកម្មសិទ្ធិ បទលើ្មសផ្សេងៗ និងការងារត្រៀមរៀបចំប្រារព្ធធ្វើពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ដែលនឹងឈានមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខនេះ ផងដែរ។
កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំ គ (សាលប្រជុំធំ) សាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ គណៈអភិបាលខេត្ត សាលាដំបូងខេត្ត ឯកឧត្តម-លោកជំទាវ លោក-លោកស្រី ស្នងការ-ស្នងការងខេត្ត មេបញ្ជា្កការ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត គយ សភាពាណិជ្ជកម្មខេត្ត នាយក-នាយករងរដ្ឋបាល ទីចាត់ការ នៃរដ្ឋបាលខេត្ត ប្រធាន-អនុប្រធាន មន្ទីរ-អង្គភាព ជុំវិញខេត្ត ប្រធានគណៈបញ្ជាការឯកភាពក្រុង- ស្រុក អាជ្ញាធរឃុំ កម្លាំងប្រដាប់អាវុធទាំង បី និងអ្នកពាក់ព័ន្ធជាច្រើនរូប។