(ភ្នំពេញ)៖ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចេញសេចក្តីណែនាំឲ្យផ្អាកជាបណ្តោះអាសន្ន បេសកកម្ម កិច្ចប្រជុំ សិក្ខាសាលា និងវគ្គបណ្តុះបណ្តាល ឬការជួបជុំទាំងឡាយ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈ។
សេចក្តីណែនាំនេះ បានបញ្ជាក់យ៉ាងដូច្នេះថា យោងតាមបទបញ្ជា និងសារសម្លេងណែនាំពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីរាត្រីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ក្នុងការបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សូមធ្វើការណែនាំបន្ថែមដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងគ្រប់អង្គភាព ចំណុះឲ្យក្រសួង ព្រមទាំងមន្ទីរ រាជធានី ខេត្ត ទាំងអស់ដូចខាងក្រោម៖
១៖ ត្រូវបន្តផ្អាកជាបណ្តោះអាសន្នចំនួន ១សប្តាហ៍ នូវបេសកកម្ម កិច្ចប្រជុំ សិក្ខាសាលា និងវគ្គបណ្តុះបណ្តាល ឬការជួបជុំទាំងឡាយ រហូតដល់មានបទបញ្ជាជាថ្មីរបស់ប្រមុខរាជរដ្ឋាភិបាល។ អង្គភាពនីមួយៗ អាចរៀបចំជំនួសការងារ មកវិញតាមប្រព័ន្ធអនឡាញ (នៅផ្ទះ )។
២៖ អង្គភាពទាំងអស់ត្រូវរក្សាទុកតែមន្ត្រីចាំបាច់យ៉ាងច្រើនបំផុតចំនួន ១០ភាគរយប៉ុណ្ណោះ ដើម្បីធ្វើការនៅទីស្តីការក្រសួង។ ក្រៅពីនោះ អនុញ្ញាតឲ្យមន្ត្រីរាជការធ្វើការនៅផ្ទះ តាមប្រព័ន្ធអនឡាញ។ ចំពោះបេសកកម្មចុះដោះស្រាយបណ្តឹង និងបេសកកម្មការងារផ្សេងៗទៀត ត្រូវផ្អាកមួយរយៈផងដែរ ដោយរង់ចាំមានការណែនាំជាថ្មី។
៣៖ រឹតបណ្តឹងសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងបរិវេណក្រសួង និងច្រកចេញចូល ដោយតម្រូវឲ្យចេញចូលតាមច្រកតែមួយខាងមុខទីស្តីការក្រសួង ចំពោះមន្ត្រីដែលមានភារកិច្ច តាមការចាត់តាំងរបស់ថ្នាក់ដឹកនាំអង្គភាព ព្រមទាំងចូលរួមពិនិត្យកំដៅ លាងដៃសំអាតនឹងទឹកអាល់កុល និងស្គែន QR Code ទប់ស្កាត់កូវីដ-១៩។ ប្រសិនបើមិនអនុវត្តន៍តាមគោលការណ៍នេះទេ ពុំត្រូវបានអនុញ្ញាតឲ្យចូលក្នុងបរិវេនទីស្តីការក្រសួងឡើយ។
៤៖ ត្រូវអនុវត្តន៍ ឲ្យបានម៉ឺងម៉ាត់នូវវិធានការ « ៣កុំ និង ៣ការពារ » តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន។
៥៖ ត្រូវអនុវត្តន៍ វិធានការគម្លាតសុវត្ថិភាពសង្គម និងគម្លាតភាពសុវត្ថិភាពបុគ្គល រក្សាអនាម័យជាប្រចាំ ដោយពាក់ម៉ាស់ អនុវត្តន៍អនាម័យដៃស្អាតជានិច្ច ដោយត្រូវលាងសម្អាតដៃ នឹងសាប៊ូ ឬអាល់កុល។
៦៖ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ប្រសិនបើសង្ស័យថា មានប៉ះពាល់កូវីដ-១៩ ឬមានរោគសញ្ញាសង្ស័យកូវីដ-១៩ ឬមានជម្ងឺផ្តាសាយដែលសង្ស័យ ត្រូវចូលរួមធ្វើតេស្តវិភាគរកកូវីដ-១៩ និងត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីគេភ្លាម។
៧៖ ត្រូវចូលរួមរាយការណ៍ ឬប្រសិនបើមានសំណួរ សូមហៅទៅលេខទូរស័ព្ទទាន់ហេតុការណ៍១១៥។
បើតាមសេចក្តីណែនាំដដែល, ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ចំណុះឲ្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងមន្ទីរ រាជធានី-ខេត្ត ទាំងអស់ ត្រូវអនុវត្តន៍តាមការណែនាំនេះឲ្យបានម៉ឺងម៉ាត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
សូមជម្រាបថា កម្ពុជាកំពុងជួបប្រទះបញ្ហារីករាលដាលជំងឺកូវីដ១៩ ជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដ៏ធ្ងន់ធ្ងរមួយមិនធ្លាប់មាន។ គិតត្រឹមរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១០៦០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៥៣៨នាក់ និងអ្នកជំងឺសម្រាកព្យាបាលចំនួន ៥២១នាក់៕