គិតចាប់ពីថ្ងៃទី០១ រហូតមកដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ខេត្តរតនគិរី ដែលមានទីតាំងសម្រាប់ផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២ទីតាំងផ្សេងគ្នា គឺទី១៖ ក្នុងមន្ទីរពេទ្យបង្អែកស្រុកបរកែវ និងទី២៖ ស្ថិតនៅមន្ទីរពេទ្យបង្អែកខេត្តបានផ្តល់វ៉ាក់សាំងបានចំនួនប្រមាណជាង ៥៥ភាគរយទៅហើយ។
ប្រធានកម្មវិធីផ្តល់ថ្នាំបង្ការលោក អ៊ូ ដេរ បានឱ្យដឹងថា «ក្នុងចំនួន៥៥ភាគរយនេះ គឺស្មើនឹងចំនួនអ្នកចាក់វ៉ាក់សាំងរួច ១,០៥០នាក់ទៅហើយ ក្នុងនោះអ្នកដែលមិនអាចទទួលវ៉ាក់សាំងបានមានចំនួន ៥៦នាក់។ ក្នុងនោះ កងកម្លាំងនគរបាលជាតិនៃស្នងការនគរបាលខេត្តបានទទួលវ៉ាក់សាំងចំនួន ៨១៤នាក់ ចំនួនដែលត្រូវទទួលស្មើរនឹង ១,៣០០នាក់, រីឯមន្ត្រីសុខាភិបាល ២២៧នាក់ ចំនួនដែលត្រូវទទួល ស្មើរនឹង ៥២០នាក់»។
លោកវរសេនីយ៍ឯក ជា តារា បានឱ្យដឹងថា ក្រោយពីចាក់វ៉ាក់សាំងរួច គឺសុខភាពរបស់លោកប្រក្រតីជាធម្មតា មិនមានអាការៈប្រែប្រួលណាមួយឡើយ, ហើយលោកក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមន្ទីរសុខាភិបាល បានស្វះស្វែងនាំយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីមកចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនទាំងអស់ផងដែ៕