គិតមកទល់ពេលនេះ ស្ថានភាពកូវីដ១៩ កំពុងរីករាលដាលក្នុងសហគមន៍ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ហើយរាជរដ្ឋាភិបាលក៏បានបង្កើនការចាត់វិធានការកម្រិតខ្ពស់បន្ថែមទៀត។ ជាមួយគ្នានេះ ឯកត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាបបានសម្រេចដាក់ចេញនូវវិធានការត្រួតពិនិត្យសុខភាពបឋមនៅចំណុចព្រំប្រទល់រវាងស្រុកជីក្រែង ខេត្តសៀមរាប និងស្រុកស្ទោង ខេត្តកំពង់ធំ។ ចំពោះការដឹកទំនិញ និងប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់បានជាធម្មតា ដោយមិនមានការហាមឃាត់នោះឡើយ ដោយគ្រាន់តែមានការត្រួតពិនិត្យសុខភាពបឋម ដោយមិនមានតម្រូវឱ្យធ្វើចត្តាឡីស័ក លើកលែងតែករណីសង្ស័យ។
ក្នុងឱកាសនោះដែរ រដ្ឋបាលខេត្ដសៀមរាបបានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារក៏បានដាក់ដំណើរត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិ នៅចំណុចព្រំប្រទល់នេះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ព្រមណែនាំឱ្យអនុវត្តន៍ការស្កែន QR Code Stop COVID-19 “ទប់ស្កាត់ ជំងឺកូនវីដ១៩” ផងដែរ។
ជាមួយគ្នានេះ អាជ្ញាធរខេត្ដសៀមរាប ក៏សូមឱ្យបងប្អូនធ្វើដំណើរឆ្លងកាត់ចំណុចនេះ សូមចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រុមការងារដែលប្រចាំការនៅទីនោះកុំបីខាន៕