(កោះកុង)៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងកម្សាន្តចម្ងាយ ៨គីឡូ ដើម្បីអបអរសាទរខួបលើកទី១១៣ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៤ នាថ្ងៃទី៩ ខែមីនាឆ្នាំ២០២៤ ស្ថិតស្រុកបូទុមសាគរ ចំណុចផ្លូវព្រឹទ្ធាចារ្យសាយ ភូថង មានកីឡាចូលរួមសរុបជិត ១០០០នាក់។
ទិវានារីអន្តរជាតិ ឆ្នាំ២០២៤ មានមូលបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»។ ក្នុងឱកាសនោះ លោកស្រី មិថុនា ភូថង បានថ្លែងថា ការរត់ប្រណាំងនេះ ក៏ធ្វើឡើងដើម្បីប្រមូលមូលនិធិ អភិវឌ្ឍន៍សហគមន៍ពាមក្រសោប នាពេលនេះ ដើម្បីលើកស្ទួយផ្នែកវិស័យទេសចរណ៍នៃតំបន់អេកូទេសចរណ៍។
លោកជំទាវអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាល បាននិងកំពុងបន្តកំណត់អាទិភាពក្នុងការលើកកម្ពស់សមត្ថភាព យេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យសំដៅពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារយធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបទ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងបន្តថែរក្សាមរតកដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលអាណត្តិមុន ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី តាមរយៈការបង្កើនការវិនិយោគលើស្ត្រី ក្មេងស្រី និងបង្កើនភាព អង់អាចដល់ស្ត្រី ក្មេងស្រី នៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ និងសុខភាព៕