(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធនឹងជំងឺកូវីដ១៩ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំបន្ទាន់ ស្តីពីការបង្កើតក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យផ្ទុកជំងឺកូវីដ១៩ និងបង្កើតក្រុមការងារ ដើម្បីទទួលពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ ឱ្យមកធ្វើចត្តាឡីស័ក នៅតាមបណ្តាក្រុង ស្រុក ក្នុងខេត្តពោធិ៍សាត់។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង នៅវេទិកាក្នុងសាលាខេត្ត ដោយបានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធដែលមានការពាក់ព័ន្ធ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក មេឃុំ ចៅសង្កាត់ អធិការក្រុងស្រុក និងអាជ្ញាធរមូលដ្ឋានជាច្រើនផ្សេងទៀត។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា តាមរយៈសារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ សម្តេចបានអនុញ្ញាតឱ្យពលករដែលវិលត្រឡប់មកពីប្រទេសថៃ ដែលពិនិត្យថាមានសុខភាពល្អប្រសើរ មិនប្រឈមការកើតកូវីដ១៩នោះ អាចផ្លាស់ប្តូរទីតាំងចត្តាឡីស័ក មកខេត្តកំណើតរបស់ខ្លួនបាន ហើយខេត្តសាម៉ីត្រូវត្រួតពិនិត្យការងារនេះឱ្យបានហ្មត់ចត់ ដែលការធ្វើនេះ គឺដើម្បីសម្រាលស្ថានការណ៍នៅតាមខេត្តជាប់ព្រំដែនថៃ។ សម្រាប់ខេត្តពោធិ៍សាត់យើង ក៏នឹងត្រូវត្រៀមខ្លួនផងដែរ ក្នុងការទទួលពួកគេឱ្យមកធ្វើចត្តាឡីស័ក នៅតាមបណ្តាលក្រុង ស្រុក ដោយគិតពីការគ្រប់គ្រងសុវត្ថិភាព ការផ្តល់អាហារហូបចុក និងចំនួនពលករចាប់ពីចំណុចចេញដំណើរ រហូតមកដល់មណ្ឌលចត្តាឡីស័ក។
ឯកឧត្ដម ម៉ៅ ធនិន បានណែនាំដល់ក្រុមការងារ ដែលមានបែងចែកក្នុងសេចក្តីសម្រេច ត្រូវដឹកនាំ គ្រប់គ្រង ចាត់ចែង រៀបចំតាមមណ្ឌលចត្តាឡីស័ក ក្រុង ស្រុក ដែលខ្លួនទទួលបន្ទុក ឱ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវរាយការណ៍ ពីសភាពការណ៍រួម នៅតាមមណ្ឌលចត្តាឡីស័កនីមួយៗ ចំពោះមុខគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ទន្ទឹមនឹងនោះ មន្ទីរជំនាញ ត្រូវសហការជាមួយក្រុមការងារតាមបណ្តា ក្រុង ស្រុក ដោយរិះរកគ្រប់មធ្យោបាយ ដើម្បីរៀបចំកន្លែងស្នាក់នៅ សាងសង់បន្ទប់ទឹកបន្ថែម ជីកស្រះ ឬអណ្តូងទឹក តបណ្តាញភ្លើង និងមានអាហារហូបចុកគ្រប់គ្រាន់ នៅតាមមណ្ឌលចត្តាឡីស័កដែលខ្លួនទទួលខុសត្រូវ។
សូមបញ្ជាក់ថា ដោយសារតែចំនួនពលករខ្មែរត្រឡប់មកពីថៃ មានចំនួនកាន់តែច្រើននោះ រដ្ឋបាលខេត្ត ដែលមានមន្ទីរសុខាភិបាលខេត្ត ជាសេនាធិការ បានត្រៀមរៀបចំទីតាំង មណ្ឌលចត្តាឡីស័ក នៅតាមបណ្តាក្រុង ស្រុក ក្នុងខេត្តពោធិ៍សាត់ ដើម្បីទទួលពលករទាំងនោះដាក់ឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ក្នុងនោះក្រុងពោធិ៍សាត់ មានចំនួន២កន្លែង និងត្រៀមបន្ថែម៣កន្លែង, ស្រុកបាកាន មានចំនួន៥កន្លែង, ស្រុកកណ្តៀង មានចំនួន៤កន្លែង, ស្រុកក្រគរ មានចំនួន៣កន្លែង, ស្រុកតាលោសែនជ័យ មានចំនួន២កន្លែង, ស្រុកភ្នំក្រវាញ មានចំនួន២កន្លែង និងត្រៀមបន្ថែម២កន្លែង, ស្រុកវាលវែង មានចំនួន២កន្លែង និងត្រៀមបន្ថែម២កន្លែងទៀត៕