អឺរ៉ុប៖ មន្រ្តីជាន់ខ្ពស់នៃទីភ្នាក់ងារឱសថអឺរ៉ុប (EMA) នៅថ្ងៃអាទិត្យម្សិលមិញ បានជំរុញអោយប្រទេសសមាជិកសហភាពអឺរ៉ុប បដិសេដការអនុម័តអោយប្រើប្រាស់ថ្នាក់ជាតិ នូវវ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ប្រទេសរុស្ស៊ី មានឈ្មោះថា Sputnik V ខណៈទីភ្នាក់ងារនេះបាននឹងកំពុងពិនិត្យមើលពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វា ។
នាយកទីភ្នាក់ងារឱសថអឺរ៉ុប (EMA) លោកស្រី គ្រីស្តា វីថាំមើ (Christa Wirthumer) បានថ្លែងប្រាប់ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានអូស្រ្តាលី ORF ថា យើងត្រូវការឯកសារដែលយើងអាចពិនិត្យបាន… យើងក៏មិនមានទិន្នន័យដែរ… អំពីមនុស្សដែលបានទទួលការចាក់វ៉ាក់សាំង… វាមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ហេតុដូច្នេះហើយខ្ញុំសូមណែនាំជាបន្ទាន់ ដើម្បីប្រឆាំងនឹងការផ្តល់ការអនុញ្ញាតអោយប្រើប្រាស់ក្នុងករណីបន្ទាន់ថ្នាក់ជាតិ ។
យ៉ាងណាមិញ វ៉ាក់សាំង Covid-19 របស់រុស្ស៊ី Sputnik V ត្រូវបានអនុម័តអោយប្រើប្រាស់ ឬក៏កំពុងត្រូវបានវាយតម្លៃសម្រាប់ការអនុម័តនៅក្នុងរដ្ឋជាសមាជិកសហភាពអឺរ៉ុបចំនួន០៣ ក្នុងនោះរួមមានហុងគ្រី ស្លូវ៉ាគៀ និងសាធារណៈរដ្ឋឆេក ដោយក្រុមមន្រ្តីអឺរ៉ុបបាននិយាយថា ទីក្រុងប្រ៊ុចហ្សែលអាចនឹងចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងរុស្ស៊ី ប្រសិនបើមានសមាជិកយ៉ាងហោចណាស់ចំនួន០៤ដាក់ពាក្យស្នើសុំ ៕