អូស្រ្តាលី៖ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី មេរីស ផេន (Marise Payne) និយាយថា ប្រទេសរបស់លោកស្រីបានសម្រេចផ្អាកកម្មវិធី នៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយមីយ៉ាន់ម៉ា ដើម្បីឆ្លើយតបទៅនឹងការបង្រ្កាបដ៏បង្ហូរឈាមរបស់របបដឹកនាំយោធា ទៅលើក្រុមបាតុករដ៏ច្រើនសម្បើមដែលប្រឆាំងនឹងរដ្ឋប្រហារកាលពីខែមុន ។
ប្រមុខការទូតអូស្ត្រាលីរូបនេះ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃ អាទិត្យម្សិលមិញថា អូស្រ្តាលីនឹងបង្វែរជាបន្ទាន់នូវជំនួយមនុស្សធម៌ចាំបាច់នានា ទៅកាន់ជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា និងជនជាតិភាគតិចដទៃទៀត ។ លោកស្រី មេរីស ផេន បានអះអាងថា យើងនឹងផ្ដល់អាទិភាពទៅលើជំនួយមនុស្សធម៌ និងធានាឱ្យបានថា ជំនួយមនុស្សធម៌របស់យើងនឹងទៅដៃអង្គការក្រៅរដ្ឋាភិបាល ពោលគឺមិនមែនតាមរយៈរដ្ឋាភិបាល ឬ អង្គភាពដែលជាសេនាធិនាការរបស់យោធាមីយ៉ាន់ម៉ានោះទេ ។
បច្ចុប្បន្នក្រុមបាតុករនៅតែបន្តធ្វើបាតុកម្មតវ៉ា ដើម្បីទាមទារឱ្យយោធាចុះចេញពីអំណាច និងដោះលែងលោកស្រី អោង សាន ស៊ូ ជី ព្រមទាំងអ្នកជាប់ឃុំដទៃឱ្យមានសេរីភាពឡើងវិញ ក្រោយអ្នកទាំងនេះត្រូវបានចាប់ឃុំខ្លួននៅក្នុងព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈ ដែលត្រូវបានអន្តរជាតិចាត់ទុកថា ជារដ្ឋប្រហារយោធា ៕