រដ្ឋបាលខេត្តកំពង់ចាម បង្ហាញប្រវត្តិអ្នកកើតជំងឺកូវីដ-១៩ម្នាក់ ដែលពាក់ព័ន្ធប្រជាពលរដ្ឋ

រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ បានបង្ហាញពីប្រវត្តិនៃការធ្វើដំណើររបស់អ្នកកើតជំងឺកូវីដ-១៩ម្នាក់ រស់នៅភូមិអូរកណ្ដោ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ដែលបុគ្គលនេះមានការពាក់ព័ន្ធជាមួយប្រជាពលរដ្ឋនៅស្រុកកងមាស និងស្រុកព្រៃឈរ ពិសេសនៅផ្សារព្រៃទទឹង។

(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ បានបង្ហាញពីប្រវត្តិនៃការធ្វើដំណើររបស់អ្នកកើតជំងឺកូវីដ-១៩ម្នាក់ រស់នៅភូមិអូរកណ្ដោ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ដែលបុគ្គលនេះមានការពាក់ព័ន្ធជាមួយប្រជាពលរដ្ឋនៅស្រុកកងមាស និងស្រុកព្រៃឈរ ពិសេសនៅផ្សារព្រៃទទឹង។

សេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមាន បុរសជនជាតិខ្មែរ ឈ្មោះ ម៉ី ស៊ីថាន អាយុ២៧ឆ្នាំ រស់នៅភូមិអូរកណ្តៅ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ធ្វើការជាគ្រូបង្រៀនម៉ាស្សា នៅសណ្ឋាគារសីញជីងថៃ នៅកែង LV ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១២ថ្ងៃត្រង់ បុរសម្នាក់នេះ បានមកដល់ផ្ទះនៅភូមិអូរកណ្តៅ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។ បន្ទាប់ពីទទួលសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន អំពីករណីបុរសម្នាក់ មកពីតំបន់មានហានិភ័យខ្ពស់ (ខេត្តព្រះសីហនុ) បានចូលមកស្នាក់នៅក្នុងមូលដ្ឋាន នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ លោកអភិបាលខេត្ត បានចាត់ឲ្យមន្ត្រីមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានសហការជាមួយអាជ្ញាធរមូលដ្ឋាន នាំបុរសខាងលើ មកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត (សណ្ឋាគារមេគង្គ) ក្រុងកំពង់ចាម។

នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ បានយកសំណាកទៅពិនិត្យ លុះដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ បានទទួលលទ្ធផលបញ្ជាក់ពី វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ថាបុរសម្នាក់នេះមានវិជ្ជមានកូវីដ-១៩ និងបានបញ្ជូនទៅព្យាលបាលជំងឺ នៅមន្ទីរពេទ្យខេត្តកំពង់ចាម។

ជាមួយគ្នានេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់ឲ្យមន្រ្តីសុខាភិបាល ចុះស្រាវជ្រាវបន្ទាន់ពាក់ព័ន្ធនឹងករណីនេះ៖

*ទី១៖ អំពីប្រវត្តិធ្វើដំណើរបុរសម្នាក់នេះ៖

*នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ បុរសម្នាក់នេះ បានធ្វើដំណើរពីខេត្តព្រះសីហនុ តាមរយៈរថយន្តឈ្នួល (នៅជិតផ្សារពាណិជ្ជកម្ម ម្តុំពេទ្យព្រៃចេក) មករាជធានីភ្នំពេញ

*នៅម៉ោង០៧៖៣០យប់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ បានមកដល់ និងចុះនៅមុខមន្ទីរពេទ្យកាល់ម៉ែត្រ ហើយបានទៅសួរសុខទុក្ខក្មួយប្រុស ដែលសម្រាកព្យាបាលជំងឺនៅអាគារបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត។

*នៅយប់ថ្ងៃដដែលបុរសនេះ បានទៅស្នាក់នៅជាមួយបងស្រី (នៅបន្ទប់ជួល នៅស្ទឹងមានជ័យ រាជធានីភ្នំពេញ)។

*នៅម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ បុរសម្នាក់នេះបានបន្តដំណើរពីស្ទឹងមានជ័យ ទៅមុខវត្តគៀនឃ្លាំង ជ្រោយចង្វារ និងបានបន្តដំណើរតាមរថយន្តដែលមកខេត្តកំពង់ចាម ដោយបានឈប់នៅស្តុបផ្សារព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ និងបានបន្តដំណើរតាមម៉ូតូឌុប បន្តរហូតដល់ផ្ទះនៅភូមិអូរកណ្តៅ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម វេលាម៉ោង១២ថ្ងៃត្រង់។

*នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ បុរសម្នាក់នេះ និងប្អូនប្រុស បានជិះម៉ូតូទៅផ្សារព្រៃទទឹង និងបានដើរផ្សារទិញត្រី និងគ្រឿងធ្វើម្ហូប ប្រហែល៣០នាទី មុនត្រឡប់ទៅផ្ទះវិញ។

*ទី២៖ អ្នកពាក់ព័ន្ធនឹងបុរសនេះ៖

*នៅពេលទៅសុខទុក្ខក្មួយប្រុស បានជួបជាមួយស្ត្រី០២នាក់ កំពុងកំដរអ្នកជំងឺក្នុងនោះ ម្នាក់រស់នៅភូមិថ្លុកក្រវ៉ាន់ ឃុំបុស្សខ្នុរ ស្រុកចំការលើ និងម្នាក់ទៀត រស់នៅភូមិអូរកណ្តៅ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម (ធ្វើការនៅរោងចក្រកាត់ដេរឌីមហាន់ នៅស្ទឹងមានជ័យ) តែតាំងពីបានជួបបុរសម្នាក់នេះមក គាត់មិនទាន់បានទៅធ្វើការវិញទេ ព្រោះសុំច្បាប់ជាប់រវល់កំដរក្មួយឈឺ។

*នៅយប់សម្រាកនៅស្ទឹងមានជ័យ បានជួបជាមួយបងស្រីម្នាក់ និងអ្នកជួលបន្ទប់នៅជិតបន្ទប់ (មិនស្គាល់ឈ្មោះ)

*អ្នករត់ PassApp (មិនស្គាល់ឈ្មោះអ្នកបើកបរ)

*អ្នករួមដំណើរតាមរថយន្តឈ្នួលពីភ្នំពេញ មកកំពង់ចាម

*មកដល់ផ្ទះ ជួបជាមួយក្រុមគ្រួសារ (ឪពុក, ម្តាយ, បងថ្លៃប្រុស, បងស្រី, ប្អូនប្រុស, ក្មួយស្រី ២នាក់, ក្មួយប្រុស)

*អ្នកផ្ញើម៉ូតូ នៅផ្សារព្រៃទទឹង និងអ្នកលក់ត្រី និងម្ហូបនៅផ្សារព្រៃទទឹង។

ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ រដ្ឋបាលខេត្តកំពង់ចាម បានបន្តធ្វើការស្រាវជ្រាវ និងនាំយកអ្នកដែលពាក់ព័ន្ធដោយផ្ទាល់ និងអ្នកមានហានិភ័យខ្ពស់មកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត ដើម្បីបន្តតាមដានសុខភាព និងយកសំណាកពិនិត្យ។

រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធនឹងបុរសខាងលើ តាមពេលវេលា និងទីកន្លែងដែលបានបញ្ជាក់ជូនខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាកមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះ និងត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ ជាមួយគ្នានេះ សូមអំពាវនាវដល់បងប្អូន
ដែលពាក់ព័ន្ធទាំងអស់ ត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ និងអនុវត្តឲ្យបានខ្ជាប់ខ្លួនតាមការណែនាំរបស់មន្ត្រីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន៕

Leave a Reply