(ភ្នំពេញ)៖ ក្នុងសារលិខិត អបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវចំណុចអាទិភាព ៧ចំណុច។ សម្តេច ស្នើគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន ព្រមទាំងប្រជាពលរដ្ឋគ្រប់រូប រួមគ្នាផ្តោតការយកចិត្តទុកដាក់លើចំណុចអាទិភាព ៧ចំណុច ដើម្បីលើកកម្ពស់សិទ្ធិនារី រួមមាន៖
ទី១-បន្តពង្រឹងសាមគ្គីភាប និងឯកភាពជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តជំរុញចលនាជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីធានាសុខុមាលភាព ជីវភាពប្រក្រតីរបស់ប្រជាជន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ទី២-ពង្រីកវិសាលភាពគ្របដណ្តប់នៃប្រព័ន្ធគាំពារសង្គម រួមទាំងសុខមាលភាពស្ត្រី និងក្មេងស្រីជាមួយនឹងការអនុវត្តនូវរាល់កម្មវិធីជំនួយសង្គមនានា។
ទី៣-បន្តពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី តាមរយៈការបង្កើនការយល់ដឹង និងអភិវឌ្ឍអាជីវកម្មដល់ស្ត្រី ការអភិវឌ្ឍអាជីវកម្មខ្នាតមីក្រូ ខ្នាតតូច និងមធ្យម ( MSME ) ពង្រឹងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបរិយាបន្នហិរញ្ញវត្ថុ។
ទី៤-អភិវឌ្ឍមូលធានមនុស្ស និងឌីជីថល ជាពិសេសសម្រាប់ស្ត្រី និងក្មេងស្រី តាមរយៈការបង្កើនការវិនិយោគលើការអប់រំ និងការអភិវឌ្ឍជំនាញ ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និងការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈច្នៃប្រឌិត និងគណិតវិទ្យា ( STEAM )។
ទី៥-បន្តធានាលើការការពារសិទ្ធិ ដោយស្មើភាពដល់ស្ត្រី ដើម្បីស្ត្រីអាចធ្វើសេចក្តីសម្រេចចិត្តនៅគ្រប់កម្រិត ជួយដោះស្រាយរាល់ឧបសគ្គនានា ដែលរើសអើងចំពោះស្ត្រី ក្នុងការចូលរួមធ្វើសេចក្តីសម្រេចនៅក្នុងស្ថាប័នសាធារណៈនៅគ្រប់កម្រិត និងក្នុងវិស័យនយោបាយ។
ទី៦-លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ តាមរយៈការពង្រឹងការអនុវត្តកម្មវិធីចិញ្ចឹមកូនបែបវិជ្ជមាន វប្បធម៌អហិង្សា និងការបង្កើនការវិនិយោគលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០១៩-២០២៣ ឲ្យបានទូលំទូលាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ទី៧-ពង្រឹងយន្តការគណនេយ្យភាព សម្រាប់សមភាពយេនឌ័ររបស់ក្រសួងស្ថាប័ននៅគ្រប់កម្រិត តាមរយៈការអភិវឌ្ឍសមត្ថភាព និងប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃប្រកបដោយប្រសិទ្ធភាព និងតម្លាភាព៕