ពលករម្នាក់បានបង្ហោះរូបភាពតាមហ្វេសប៊ុករបស់ខ្លួនឈ្មោះអឹម ជីវ័ន្ត កាលពីព្រឹកថ្ងៃទី០៦ មីនា ដែលមានខ្លឹមសារថា មានពលករម្នាក់ ដែលកំពុងធ្វើចត្តាឡីស័កក្នុងមណ្ឌល សាលាបឋម-អនុវិទ្យាល័យកូនភ្នំ៣២ ស្រុកសំពៅលូន បាន ដើររអិលដួលបែកក្បាល ដោយ សារតែគ្រូពេទ្យនៅទីនោះ មិនយកចិត្តទុកដាក់មើលថែ ពិនិត្យ ព្យាបាលពួកគាត់ ។
ការបង្ហោះរូបភាព រួមជាមួយ សាររិះគន់នេះមានអ្នកទស្សនា និង ស៊ែរតៗគ្នាជាច្រើន នៅលើ បណ្តាញសង្គម ។
ភ្លាមៗរដ្ឋបាលស្រុកសំពៅលូនខេត្តបាត់ដំបង បានបដិសេធការផ្សព្វផ្សាយតាមបណ្តាញសង្គមខាងលើថាក្រុមថ្នាក់ដឹកនាំ អាជ្ញាធរនិងគ្រូពេទ្យ មិនយកចិត្តទុកដាក់ ពិនិត្យ ព្យាបាល ចំពោះពលករដែលធ្វើចត្តាឡីស័កនោះ គឺមិនពិតនោះទេ ។
អាជ្ញាធរស្រុកសំពៅលូនបញ្ជាក់ថា កាលពីម៉ោង៨ព្រឹកថ្ងៃទី០៦ខែមីនា នៅក្នុងមណ្ឌល សាលាបឋម- អនុវិទ្យាល័យកូនភ្នំ៣២ ស្រុកសំពៅលូនពិតជាមានពលករម្នាក់ឈ្មោះ សើយ ស៊ីម ភេទប្រុសអាយុ៤១ឆ្នាំ មានទីលំនៅភូមិសូភី សង្កាត់សូភី ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយ មានជ័យ មានបញ្ហាសុខភាព បានដើរដួលដោយខ្លួនឯងបណ្តាល ឲ្យបែកក្បាល ពិតប្រាកដមែន ។
ក្រោយដួលភ្លាមៗនោះ ក្រុមគ្រូពេទ្យប្រចាំការបានស្លៀកពាក់សម្លៀកបំពាក់PPE សម្ភារការពារ ខ្លួនដើម្បីចូលទៅពិនិត្យស្ថានភាពរបួសរបស់គាត់ និង បានបញ្ជូនទៅមន្ទីរពេទ្យ បង្អែក សំពៅលូន ដើម្បីជួយព្យាបាលឲ្យទាន់ពេលវេលា ។ រដ្ឋបាលស្រុកសំពៅលូនបញ្ជាក់ថា ស្ថានភាពរបស់ពលករ ខាងលើមិនមានសភាពធ្ងន់ធ្ងរនោះទេ ។បច្ចុប្បន្នអ្នកជំងឺត្រូវបាន អនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយស្របពេលដែលលទ្ធផលសំណាករបស់គាត់បានមកដល់ ត្រូវបានអាជ្ញាធរ អនុញ្ញាតឲ្យទៅលំនៅឋានរបស់ខ្លួនវិញហើយ៕