សម្ដេចតេជោ ហ៊ុន សែន៖ បន្ទាប់ពីការចាក់វ៉ាក់សាំង រយៈពេល៣ថ្ងៃកន្លងមក សុខភាពរបស់ខ្ញុំនៅរក្សាភាពធម្មតា គ្រាន់តែងងុយដេកបន្តិចនៅថ្ងៃទី១

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា បន្ទាប់ពីបានចាក់វ៉ាក់សាំងបង្ការជំងឺ​កូវីដ​-១៩​រយៈពេល៣ថ្ងៃកន្លងមក គឺសុខភាពរបស់សម្ដេចនៅរក្សាភាពធម្មតា គ្រាន់តែងងុយដេកបន្តិចនៅថ្ងៃទី១។

 (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា បន្ទាប់ពីបានចាក់វ៉ាក់សាំងបង្ការជំងឺ​កូវីដ​-១៩​រយៈពេល៣ថ្ងៃកន្លងមក គឺសុខភាពរបស់សម្ដេចនៅរក្សាភាពធម្មតា គ្រាន់តែងងុយដេកបន្តិចនៅថ្ងៃទី១។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក នៅល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១នេះថា «ជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! បន្ទាប់ពីការចាក់វ៉ាក់សាំងរយៈពេល៣ថ្ងៃកន្លងមក សុខភាពរបស់ខ្ញុំនៅរក្សាភាពធម្មតា គ្រាន់តែងងុយដេកបន្តិចនៅថ្ងៃទី១។ ខ្ញុំនៅតែបន្តធ្វើកិច្ចការជាធម្មតា មិនមានអ្វីរាំងស្ទះនោះទេ។ សូមអរគុណចំពោះជនរួមជាតិ ដែលយកចិត្តទុកដាក់ លើសុខភាពរបស់ខ្ញុំ»។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (Astra zeneca) នៅមន្ទីរពេទ្យកាល់ម៉ែត។

ក្រៅតែពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតហើយនោះ ក៏មានមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត បានអញ្ជើញញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកានេះផងដែរ។ វ៉ាក់សាំងឈ្មោះ អាស្ត្រាហ្សេនីកា (AstraZeneca/SII) គឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះ ត្រូវបានដឹកមកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន (៣២៤,០០០ ដូស) កាលពីរាត្រីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១៕ 

Leave a Reply