សម្ដេចតេជោ ហ៊ុន សែន សម្រេចបិទបញ្ចប់ការធ្វើចត្តាឡីស័ក នៅតាមព្រំដែនកម្ពុជា-ថៃ សម្រាប់ពលករដែលមានសុខភាពធម្មតា

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបិទបញ្ចប់ការធ្វើចត្តាឡីស័ក ​នៅតាម​ព្រំដែន​កម្ពុជា​-ថៃ សម្រាប់ពលករត្រឡប់មកពីប្រទេសថៃ ដែលមានសុខភាពធម្មតា។ ក៏ប៉ុន្តែនៅបន្តធ្វើចត្តាឡីស័ក ចំពោះ​ពលកររូបណាមានអាការៈសង្ស័យ ហើយត្រូវយកសំណាកទៅពិនិត្យ។ ការសម្រេចយ៉ាងដូច្នេះ បន្ទាប់ពី​ស្ថា​ន​ការណ៍ នៃការរាតត្បាតនៃជំងឺកូវីដ-១៩នៅប្រទេសថៃ ជាពិសេសខេត្តព្រះជិនបុរី ដែលនៅជាប់ព្រំដែនជាមួយកម្ពុជាមានការថមថយជាងមុន។

 (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបិទបញ្ចប់ការធ្វើចត្តាឡីស័ក ​នៅតាម​ព្រំដែន​កម្ពុជា​-ថៃ សម្រាប់ពលករត្រឡប់មកពីប្រទេសថៃ ដែលមានសុខភាពធម្មតា។ ក៏ប៉ុន្តែនៅបន្តធ្វើចត្តាឡីស័ក ចំពោះ​ពលកររូបណាមានអាការៈសង្ស័យ ហើយត្រូវយកសំណាកទៅពិនិត្យ។ ការសម្រេចយ៉ាងដូច្នេះ បន្ទាប់ពី​ស្ថា​ន​ការណ៍ នៃការរាតត្បាតនៃជំងឺកូវីដ-១៩នៅប្រទេសថៃ ជាពិសេសខេត្តព្រះជិនបុរី ដែលនៅជាប់ព្រំដែនជាមួយកម្ពុជាមានការថមថយជាងមុន។

យោងតាមសារជាសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១នេះ មានខ្លឹមសារថា «ជូនឯកឧត្ដមលោកជំទាវ នៅតាមបណ្ដា​ខេត្តជាប់​ព្រំដែនកម្ពុជា ក៏ដូចជាបណ្ដាខេត្ត នៅខាងផ្ទៃក្នុងប្រទេស ស្ថាប័នដែលមានការពាក់ព័ន្ធ បន្ទាប់ពីបានពិនិត្យ ទៅ​លើ​សភាពការណ៍ក្នុងព្រះរាជាណាចក្រថៃ គឺខ្ញុំសម្រេចថា បិទនូវការធ្វើចត្តាឡីស័ក នៅតាមព្រំដែន សម្រាប់​អ្នកដែល​មានសុខភាពធម្មតា ប៉ុន្តែនឹងត្រូវបន្តឲ្យមានការធ្វើចត្តាឡីស័ក ចំពោះអ្នកដែលមានការសង្ស័យ»។

ក្នុងសារជាសំឡេងដដែល សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា «បញ្ហានៃការធ្វើចត្តាឡីស័ក​រប​ស់​យើង បានចាប់ផ្ដើមពីសភាពការណ៍នៅក្នុងប្រទេសថៃ ដែលមានការឆ្លងក្នុងសហគមន៍យ៉ាងច្រើន ប៉ុន្តែឥឡូវនេះ គឺសភាពការណ៍នៅក្នុងប្រទេសថៃ បានត្រួតត្រាបានហើយ រាប់ទាំងរបាយការណ៍របស់ឯកឧត្ដម ងួន រតនៈ អភិ​បា​ល​​ខេត្តបាត់ដំបង ក៏បានបញ្ជាក់ថា ខេត្តព្រះជិនបុរី ដែលនៅជាប់ព្រំដែនជាមួយយើង បានដកចេញពី​ចំណុច​ក្រហ​ម បានសេចក្ដីថា ខេត្តដែលមានហានិភ័យរួចទៅហើយ»។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «ក្នុងរយៈកាលប្រមាណជា១ខែកន្លងទៅនេះ គឺយើងឃើញថា ម​ណ្ឌ​​​ល​ចត្តាឡីស័ក នៅតាមព្រំដែនរបស់យើងទាំងអស់ មិនមានមនុស្សឆ្លងទេ ស្ថានភាពនៅតាមព្រំដែន គឺមា​ន​ការ​លំបាក ដោយសារតែចំនួនអ្នកចេញពីមណ្ឌលចត្តាឡីស័ក ចេញចំនួនតិចជាងអ្នកចូល ដូច្នេះធ្វើឲ្យ​ចំនួនអ្នកធ្វើ​ចត្តា​ឡីស័ក មានការកើនឡើងយ៉ាងខ្លាំង ដែលធ្វើឲ្យយើងមានការលំបាក នៅក្នុងការទទួលបន្ទុកចិញ្ចឹម ថែទាំ»។​

ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «ខាងមុខនេះ យើងត្រូវព្យាករណ៍ថា នឹងមាន​ភ្លៀងធ្លាក់ ហើយកំដៅ​ក៏​មាន​ការកើនឡើង ដូច្នេះធ្វើឲ្យសុខភាពអ្នកធ្វើចត្តាឡីស័ក នៅតាមព្រំដែនកាន់​តែជួបការ​លំបាក ដូច្នេះខ្ញុំយកការសម្រេចដើម្បីបញ្ចប់ការធ្វើចត្តាឡីស័ក នៅតាមព្រំដែនកម្ពុជា-ថៃចំពោះបុគ្គល ដែលគ្មាន​ការ​សង្ស័យ»។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា «ពិតហើយគឺយើងត្រូវតែធ្វើការពិនិត្យ ចំពោះកំដៅ និងស្ថានភាព​សុខភាពរបស់បុគ្គលម្នាក់ៗ ប្រសិនបើពួកគាត់​ឃើញ​​​មានការអាការៈសង្ស័យ យើងត្រូវតែធ្វើយកសំណាកពិនិត្យ ហើយឃាត់ឲ្យធ្វើចត្តាឡីស័ក ដូច្នេះខេត្តនីមួយៗ​ក៏ត្រូវឲ្យមានមណ្ឌលចត្តាឡីស័កតូចមួយ ក្នុងកម្រិតមួយដើម្បី​រង់ចាំអំពី​ការយកសំណាកទៅពិនិត្យ ឯចំពោះ​ការ​ដឹកជញ្ជូន សូមបញ្ជាក់ដោយសារមានសំណួររបស់ខេត្ត នៅ​តា​ម​ព្រំដែនកម្ពុជា-ថៃថាតើ ដឹកតែអ្នកមកថ្មី ឬដឹក​ទាំង​អ្នកដែលកំពុងធ្វើចត្តាឡីស័ក នៅតាមណ្ឌល​ចត្តា​ឡី​ស័ក​នៅ​តាម​ព្រំដែន ខ្ញុំសូមបញ្ជាក់ថា យើង​ត្រូវធ្វើទាំងអស់ អ្ន​ក​ទាំងដែលកំពុងធ្វើចត្តាឡីស័​កនៅ​តាមមណ្ឌ​ល​ចត្តាឡី​ស័ក និងអ្នកដែលទើ​បចូលមកដល់ថ្មី»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងទៀថា «បញ្ហាសំខាន់ គឺត្រូវបែងចែកគ្នាឲ្យច្បាស់ រវាងអ្នក​ដែលមាន​អាការៈមិនប្រក្រតីត្រូវរក្សាទុកគាត់ នៅក្នុងមណ្ឌលចត្តាឡីស័ក ដូចជាកំដៅលើសជាដើម ហើយត្រូវយកសំណាក ដើម្បីធ្វើការពិនិត្យ ពេលឃើញអវិជ្ជមាន ចាំបញ្ជូនគាត់ចេញមកខាងក្រោយ ទាំងអ្នកនៅក្នុងមណ្ឌលចត្តាឡី​ស័ក​ស្រាប់ ​ទាំងអ្នកមកដល់ថ្មី ត្រូវធ្វើការដឹកជញ្ជូនមកតាមបណ្ដាខេត្តរបស់ពួកគាត់ ដើម្បីប្រគល់ឲ្យខេត្តនៅក្នុងទទួល​ខុសត្រូវ ចំពោះបងប្អូននេះបន្តក្នុងការធ្វើចត្តាឡីស័ក ព្រោះឥឡូវនេះចំនួនអ្នកធ្វើចត្តាឡី​ស័កមានទៅដល់​ជាង១​ម៉ឺន៥​ពាន់នាក់ ដូច្នេះយើងបែងចែកតាមគោលដៅរៀងៗខ្លួន»។

ចំពោះការដឹកជញ្ជូនពលករមកពីថៃនៅតាមព្រំដែន ក្រោយពិនិត្យឃើញថា ពុំមានអាការៈសង្ស័យនោះ គឺត្រូវគិតគូរពីបញ្ហាសណ្តាប់ធ្នាប់ សុវត្ថិភាព សុខភាព និងការហូបចុករបស់ពួកគាត់ផងដែរ៕

Leave a Reply