តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណបញ្ជាការឯកភាពខេត្តតាកែវ ព្រមទាំង ឯកឧត្តម លោកឧកញ៉ា សប្បុរសជន នៅព្រឹកថ្ងៃសៅរ៌ ៨រោច ខែ ផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០២១ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួនធំ ប្រគល់ជូនកងកម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែន ខេត្តតាកែវ – ខេត្តអានយ៉ាង ប្រទេសវៀតណាម ដែលពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការសឹករងតាកែវ លោកស្នងការរងនគរបាលខេត្ត លោក ឌឹម គឹមសាន អភិបាលស្រុកអង្គរបូរី លោក លោកស្រី អភិបាលរងស្រុក លោកវរសេនីយ៍ឯក យ៉ុង ប៊ុនយ៉ុន អធិការនគរបាលស្រុក ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។
មានមតិសំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការកោតសរសើរចំពោះមន្ត្រីចត្តាឡីស័ក សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តតួនាទី ក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់នៅតាមព្រំដែន និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរ ជាមួយភាគីវៀតណាម ក្នុងការសម្របសម្រួល លើការដឹកជញ្ជូន និងផ្លាស់ប្តូរទំនិញឆ្លងកាត់ព្រំដែន បញ្ចៀសបាននូវការកកស្ទះ ជាមួយការប្រកាន់ខ្ជាប់នូវការអនុវត្តតាមវិធានការក្រសួងសុខាភិបាល បានយ៉ាងល្អប្រសើរ។
ឯកឧត្តមអភិបាលខេត្ត បានធ្វើការផ្ដាំផ្ញើដល់អាជ្ញាធរដែនដី កងកម្លាំង និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងការចេញល្បាតតាមភូមិសាស្ត្រខ្សែបន្ទាត់ព្រំដែន ដើម្បីបង្ការ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ហើយក្នុងករណីមានប្រជាពលរដ្ឋឆ្លងដែនចូលមកកម្ពុជា ត្រូវធ្វើចត្តាឡីស័កជាដាច់ខាត នៅទីតាំងដែលរដ្ឋបាលខេត្ត បានរៀបចំរួចជាស្រេច ដោយមិនត្រូវឲ្យនណាម្នាក់ឆ្លងកាត់ព្រំដែនដោយមិនបានត្រួតពិនិត្យ និងមិនបានធ្វើចត្តាឡីស័កនោះទេ ជារួមគឺត្រូវតែបង្ខំឲ្យធ្វើចត្តាឡីស័កជាដាច់ខាត ដោយគ្មានការលើកលែងនោះឡើយ។
ជាមួយនេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តប្រុងប្រយ័ត្ន និងការពារខ្លួនជានិច្ចពីជំងឺកូវីដ-១៩ ដោយត្រូវប្រកាន់ខ្ជាប់នូវអនាម័យឧស្សាហ៍លាងសម្អាតដៃ ជាមួយសាប៊ូ ជែល ឬអាល់កុលជាប្រចាំ ហើយសូមកុំធ្វើដំណើរឆ្លងដែន បើមិនមានការចាំបាច់។
សូមបញ្ជាក់ដែរ សម្ភារៈដែល ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងសប្បុរសជន បានផ្ដល់ជូននាឱកាសរួមមាន៖ ត្រីខ ២០កេះ ស្មើ ២០០យួរ មី ៣៦០កេះ ទឹកបរិសុទ្ធ ២០០កេះ និងទឹកស៊ីអ៊ីវ ២០០យួរ ដើម្បីផ្ដល់ជូនកងកម្លាំងកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនផងដែរ៕