ភ្នំពេញ ៖ លោកជំទាវ បានស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ ប្រធានមន្ទីរជុំវិញខេត្ត បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ ដល់បងប្អូនអតីតយុទ្ធជនពិការ និងជនពិការចំនួន៨០គ្រួសារមកពីឃុំទាំង០៤ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ។
ក្នុងឱកាសនោះលោកជំទាវ បាននាំបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនដល់បងប្អូន ដែលជានិច្ចកាល សម្តេចទាំងទ្វេរ តែងបានគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់ប្រចាំថ្ងៃ ដោយមិនទុក្ខបងប្អូនប្រជាពលរដ្ឋណាម្នាក់ដាច់ស្បៀងស្លាប់ដោយលោកមិនបានដឹងនោះឡើយ ។ លោកជំទាវបានបន្តអោយដឹងថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាជនកម្ពុជាគ្រប់រូប បានចងចាំនូវពលីកម្មដ៏ធំធេង និងមិនអាចកាត់ថ្លៃបានចំពោះយុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកស្នេហាជាតិទាំងឡាយ ដែលបានធ្វើពលីកម្មបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជននៅគ្រប់ដំណាក់កាល ហើយប្រទេសកម្ពុជាបានឆ្លងកាត់នូវសង្គ្រាម និងរបបប្រល័យពូជសាសន៍ដែលបានបំផ្លិចបំផ្លាញសង្គមជាតិខ្ទេចខ្ទីដល់ឬសគល់ ព្រមទាំងបានបន្សល់ទុកនូវអតីតយុទ្ធជន ដែលជាជនពិការ និវត្តន៍ជន ជនបាត់បង់សមត្ថភាពការងារ និងគ្រួសារយុទ្ធជនពលី មរណៈជាច្រើន ហើយចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចជាកាលបានគិតគូដល់សុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ តាមរយៈការអភិវឌ្ឍមូលដ្ឋាន សម្ភារៈ ជីវភាព ការចុះសួរសុខទុក្ខដល់អង្គភាពផងដែរ។
លោកជំទាវអភិបាលខេត្តបានលើកឡើងថា ជាមួយនឹងសមិទ្ធផលដ៏ធំធេងដែលសម្រេចបាន លើវិស័យសុខុមាលភាពអតីតយុទ្ធជន និងវឌ្ឍនភាព នៃសមាគមអតីតយុទ្ធជនយ៉ាងណាក៏ដោយ ក៏បងប្អូនអតីតយុទ្ធជននៅមានឧបសគ្គជាច្រើន តម្រូវឲ្យយើងត្រូវតែយកចិត្តទុកដាក់ ដោះស្រាយបញ្ហាទាំងនោះជាបន្តបន្ទាប់ ដោយបន្តពង្រឹង និងពង្រីកសេវាបណ្តុះបណ្តាលជំនាញ និងឥណទានជាដើម ដើម្បីឲ្យបងប្អូនអតីតយុទ្ធជនទទួលបាននូវសមត្ថភាព និងលទ្ធភាព ដើម្បីអភិវឌ្ឍន៍ជីវភាពឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ជាមួយគ្នានោះ លោកជំទាវ បានសង្កត់ធ្ងន់លើកសរសើរថា ថ្វីត្បិតបងប្អូនអតីតយុទ្ធជនខេត្តប៉ៃលិនយើងពិការដោយសារភ្លើងសង្គ្រាមច្រើនក៏ពិតមែន តែគ្មានបងប្អូនយើងណាម្នាក់ដើរសុំទានរឺអត់អាហារនោះទេ គឺយើងមិនដែលបោះបង់រឺទុក្ខអោយគាត់ឯកានោះទេ គឺយកចិត្តទុក្ខដាក់ខ្ពស់ផងដែរ។
សូមបញ្ជាក់ថា នៅក្នុងឱកាសនោះផងដែរ លោកជំទាវ អភិបាលខេត្តប៉ៃលិន បានផ្តល់ជូនអំណោយ ដល់អតីតយុទ្ធជន ចំនួន៨០គ្រួសារ ដោយក្នុងមួយគ្រួសារៗ មាន អង្ករ, ទឹកត្រី, ទឹកសុទ្ធ, មី, ត្រីខ, អាល់កុល ០១ដប និងថវិការចំនួន ៥ម៉ឺនរៀល ដែលជាអំណោយឯកឧត្តម អុី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តប៉ៃលិនផងដែរ៕