មើលសមិទ្ធផលធំធេងរបស់ប្រទេសចិនចំពោះប្រជាជនចិននិងប្រជាជនទូទាំងពិភពលោកតាមរយៈរបាយការណ៍ការងាររដ្ឋាភិបាលចិនឆ្នាំ២០២១

ក្រោយពីបានតាមដានយ៉ាងយកចិត្តទុកដាក់ទាក់ទងនឹងរបាយការណ៍ការងាររបស់រដ្ឋាភិបាលចិនដែលបានថ្លែងក្នុងកិច្ចប្រជុំលើកទី៤នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៣ នាថ្ងៃទី៥ខែមីនាឆ្នាំ២០២១ ដោយលោក លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន

ក្រោយពីបានតាមដានយ៉ាងយកចិត្តទុកដាក់ទាក់ទងនឹងរបាយការណ៍ការងាររបស់រដ្ឋាភិបាលចិនដែលបានថ្លែងក្នុងកិច្ចប្រជុំលើកទី៤នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៣ នាថ្ងៃទី៥ខែមីនាឆ្នាំ២០២១ ដោយលោក លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន ខ្ញុំមានការចាប់អារម្មណ៍លើចំណុចសំខាន់ចំនួន២គឺ៖

១- ការងារបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺCOVID-19

ក្នុងដំណើរប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺCOVID-19ដ៏លំបាកលំបិន ជានិច្ចកាលមជ្ឈិមបក្សកុម្មុយនិស្តចិនតែងបានប្រកាន់ខ្ជាប់នូវការតម្កល់ទុកប្រជាជនជាអាទិភាព តម្កល់ទុកសុវត្ថិភាពអាយុជីវិតរបស់ប្រជាជនជាអាទិភាព លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានដឹកនាំនិងចាត់ចែងការងារដោយផ្ទាល់ ព្រមទាំងទទួលបានការគាំទ្រពីសំណាក់ភាគីនានាដោយពង្រឹងនិងពង្រីកសមិទ្ធផលនៃការងារបង្ការនិងគ្រប់គ្រងជំងឺឆ្លង។

ដើម្បីឆ្លើយតបទៅនឹងឧប្បត្តិហេតុនៃការរីករាលដាលនៃមេរោគរាតត្បាតជាសកលនេះ ប្រទេសចិនបានដាក់ចេញនូវវិធានការណ៍យ៉ាងម៉ឺងម៉ាត់និងទាន់ពេលវេលាឆ្លើយតបបានយ៉ាងត្រឹមត្រូវតាមគោលការណ៍វិទ្យាសាស្រ្តដែលមានអង្គការសុខភាពពិភពលោកជាតំណាង។ ទាំងបក្សកុម្មុយនិស្តចិន ទាំងរដ្ឋាភិបាលចិនសុទ្ធតែបានយកចិត្តទុកដាក់ខ្ពស់នូវសុខុមាលភាពរបស់ប្រជាជន ស្របពេលដែលប្រជាជនចិនបានផ្តល់នូវទំនុកចិត្តខ្ពស់ចំពោះវិធានការណ៍ទាំងនេះ។ នេះជាគំរូដ៏ល្អប្រសើរមួយដែលបណ្តាប្រទេសទាំងអស់បាននិងកំពុងឈ្វេងយល់និងចែករំលែកបន្ត។ ប្រទេសជាច្រើននៅលើពិភពលោកសុទ្ធតែបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសកម្មភាពមនុស្សធម៌ជាក់ស្តែងរបស់ប្រទេសចិនក្នុងការចូលរួមជួយដល់ពិភពលោកលើការទប់ស្កាត់ការរីករាលដាលជាសកលនៃជំងឺCOVID-19។ លើសពីនេះ ក្រោយពេលដែលខ្លួនផលិតបានវ៉ាក់សាំង SINOPHARM VACCINE ប្រឆាំងនឹងជំងឺCOVID-19 ប្រទេសចិនដែលម្ខាងជួយដល់ប្រជាជនរបស់ខ្លួន ហើយម្ខាងទៀតបានចែករំលែកបរិមាណវ៉ាក់សាំងនេះដល់បណ្តាប្រជាជាតិនានានៅទូទាំងពិភពលោក ដើម្បីរួមគ្នាក្នុងកម្លាំងមហាគ្រួសារជាមួយគ្នា ដើម្បីពង្រឹងនិងពង្រីកនូវទស្សនវិស័យរួមនៃសហគមន៍ជោគវាសនារួម។ជាក់ស្តែង កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ថ្លែងនៅក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លាវ៉ាក់សាំង SARS-CoV-2 (Sinopharm) ពីរដ្ឋាភិបាលនិងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិនជូនដល់រាជរដ្ឋាភិបាលនិងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា “រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ពិតជាមានការដឹងគុណរដ្ឋាភិបាលនិងប្រជាជនចិន ដែលបានផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូសក្នុងចំណោម១លានដូសដល់កម្ពុជានាពេលនេះ”។ លើសពីនេះ ចិនបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ចពិភពលោកដែលកំពុងទទួលរងនូវការប្រហារពីជំងឺCovid-19ដោយក្នុងពេលអញ្ជើញចូលរួមសន្និសីទកំពូលពិសេសនៃមេដឹកនាំប្រទេស G20 ស្តីពីការទប់ទល់នឹងជំងឺកូវីដ១៩ នៅរដ្ឋធានីប៉េកាំង នាយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ លោក ស៊ី ជីនពីង បានអំពាវនាវដល់ប្រទេសដែលជាសមាជិកG20 ឱ្យចាត់វិធានការរួមគ្នា ដើម្បីផ្តល់សញ្ញាវិជ្ជមានក្នុងការកាត់បន្ថយ ឬលុបចោលពន្ធគយ លុបចោលរបាំង ជំរុញឱ្យពាណិជ្ជកម្មអាចដំណើរការឡើងវិញយ៉ាងល្អរលូនដើម្បីជួយជំរុញការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ។

២-គាំពារយ៉ាងមុតមាំនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគី

ដូចដែលយើងបានដឹងតាមរយៈរបាយការណ៍របស់រដ្ឋាភិបាលចិនដែលបានគូសបញ្ជាក់ថា ប្រទេសចិនតែមួយគត់មានកំណើនសេដ្ឋកិច្ចវិជ្ជមាន ក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗនៅលើពិភពលោកព្រមទាំងទទួលជោគជ័យក្នុងយុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រ និងទទួលបានសមិទ្ធផលជាលក្ខណៈសម្រេចក្នុងកិច្ចកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ដែលប្រជាជនចិនពេញចិត្ត និងជាការកត់សម្គាល់ខ្លាំងពីសំណាក់ប្រទេសនានានៅទូទាំងពិភពលោក។ ទាំងនេះដោយសារតែរដ្ឋាភិបាលចិនអនុវត្តទី១-គោលនយោបាយចិននីតិរដ្ឋតាមមាគ៌ាសង្គមនិយមតាមបែបផែនចិន និងសុបិនចិន ដែលផ្តល់ជូនដល់ប្រជាជនចិននូវវិបុលភាពសមរម្យ និងលុបបំបាត់ភាពក្រីក្រ។ទី២-ចិនសេដ្ឋកិច្ចដោយផ្តោតជាសំខាន់លើការបង្កើនល្បឿនយុទ្ធសាស្រ្ត“ខ្សែក្រវាត់និងផ្លូវ”ដោយផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមករវាងបណ្តាប្រទេសនានា។

ទី៣-ជំរុញការអភិវឌ្ឍដោយស្ថិរភាពនៃការនាំចេញនិងនាំចូលរវាងចិននិងបណ្តាប្រទេសនានា។

ទី៤-បន្តអនុវត្តកំណែទម្រង់និងសេដ្ឋកិច្ចបើកចំហ តាមរយៈកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កិច្ចព្រមព្រៀងវិនិយោគទុនរវាងចិននិងអឺរ៉ុប និងជំរុញទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលមានសមភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងចិននិងអាមេរិកជាដើម។ ទី៥-ការពង្រីកនូវការបើកទូលាយគ្នាទៅវិញទៅមកជាមួយបណ្តាប្រទេសនានាលើពិភពលោក ដើម្បីសម្រេចបានការផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះ

ស្របតាមទស្សនវិស័យសហគមន៍ជោគវាសនារួមនិងទី៦-បង្កើនកិច្ចការទូតរបស់ប្រទេសចិនប្រកបដោយលក្ខណៈពិសេសចិនក្នុងចរន្តនៃពហុភាគីនិយម ដោយប្រទេសចិនបានដើរតួនាទីយ៉ាងសកម្មនៅក្នុងការរួមចំណែកកិច្ចការពារសន្តិភាពនិងវឌ្ឍនភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ពិភពលោក ដែលជាពិសេសក្នុងពេលដែលពិភពលោកទាំងមូលកំពុងប្រឈមមុខនឹងវិបត្តិនៃការរីករាលដាលជាសកលនៃជំងឺCOVID-19 ។

ជារួម យើងឃើញថា សមិទ្ធផលដែលប្រទេសចិនសម្រេចបាន ហើយត្រូវបានរាយការណ៍ជាសាធារណៈក្នុងកិច្ចប្រជុំលើកទី៤នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៣ នាថ្ងៃទី៥ ខែមីនាឆ្នាំ២០២១ ដោយលោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនគឺដោយសារតែប្រទេសចិននៅតែបានបន្តការរួមចំណែកដល់ការអភិវឌ្ឍជាសកល បន្តព្យាយាមសម្រេចនូវការរីកចម្រើនរួម ក៏ដូចជាយុទ្ធសាស្រ្តនៃការបើកចំហដែលផ្តល់ផលប្រយោជន៍រួម និងឈ្នះ-ឈ្នះដល់បណ្តាប្រទេសទាំងអស់។ លើសពីនេះ ប្រទេសចិនតែងបានត្រៀមខ្លួនរួចជាស្រេចក្នុងការចែករំលែកបទពិសោធន៍ និងនវានុវត្តភាពរបស់យើងជាមួយបណ្តាប្រទេសដទៃទៀត ហើយសាទរដល់ដំណើរអភិវឌ្ឍន៍ដ៏ឆាប់រហ័សរបស់បណ្តាប្រទេសទាំងអស់ឆ្ពោះទៅរកការអភិវឌ្ឍរួម។ ប្រទេសចិនតែងប្រកាន់យកនូវសណ្តាប់ធ្នាប់អន្ដរជាតិតាមរយៈការប្តេជ្ញាចិត្តចំពោះមាគ៌ានៃការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ។ យើងចាំបានថា ប្រទេសចិនគឺជាប្រទេសដំបូងគេដែលបានចុះហត្ថលេខាលើធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ហើយតែងបានបន្តការគាំទ្រសណ្តាប់ធ្នាប់ ក៏ដូចជាប្រព័ន្ធអន្តរជាតិដែលជាការគាំទ្រដល់គោលបំណង និងគោលការណ៍របស់ធម្មនុញ្ញនៃអង្គការសហប្រជាជាតិនោះ។ ប្រទេសចិននឹងបន្តឈរប្រកៀកស្មាជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍដទៃទៀត ហើយប្រទេសចិនបានបង្កើតជាមូលនិធិដើម្បីសន្តិភាពនិងការអភិវឌ្ឍ រវាងចិននិងអង្គការសហប្រជាជាតិដើម្បីគាំទ្រដល់ការងាររបស់អង្គការសហប្រជាជាតិ ជំរុញកិច្ចសហប្រតិបត្តិការពហុភាគី និងចូលរួមចំណែកកាន់តែខ្លាំងឡើងដល់សន្តិភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ពិភពលោក៕

Leave a Reply