ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានី នៅព្រឹកថ្ងៃសៅរ៍ទី០៦ ខែមីនា ឆ្នាំ២០២១នេះ បានបន្ដដឹកនាំអជ្ញាធររាជធានី ចុះចែកអំណោយជាស្បៀងអាហារជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែធ្វើចត្តាឡីស័កតាមផ្ទះផ្ទាល់ខ្លួនចំនួន៣០គ្រួសារ ស្ថិតនៅភូមិជង្រុក និង១៥គ្រួសារ ស្ថិតនៅក្នុងសហគមន៍ត្រពាំងអញ្ជាញសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភំ្នពេញ។
អនុវត្ត តាម អនុសាសន៍ ដឹកនាំ ដ៏ ខ្ពង់ខ្ពស់ របស់ សម្ដេច តេជោ នាយក រដ្ឋមន្ត្រី បេីសិន បងប្អូន កំពុង ប៉ះពាល់ ក្នុង ព្រឹត្តិការណ៍ ២០ កុម្ភៈ កំពុង ធ្វើ ចត្តាឡីស័ក ហើយ ខ្វះ ខាត ជីវភាព សូម ទាក់ទង ផ្ទាល់ ជាមួយ អាជ្ញាធរ មូលដ្ឋាន ដែល នៅ ជិត បងប្អូន បំផុត រដ្ឋបាល រាជធានី ភ្នំពេញ រង់ចាំ ដោះស្រាយ ជូន មិនទុក អោយ បងប្អូន ដាច់ បាយទេ ។
ឯកឧត្តម ឃួងស្រេង អភិបាលរាជធាន៏ភ្នំពេញបានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុន សែន តែងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ហើយអំណោយជាស្បៀងអាហារទាំងនេះផ្តល់ជូន ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំក្នុង អំឡុងពេលកំពុងធ្វើចត្តាឡីស័កនៅផ្ទះ ។ ឯកឧត្តម បន្តថា រដ្ឋបាលរាជធានីភ្នំពេញ ក៏មានគោលការណ៍ឧបត្ថម្ភថវិកាចំនួន ២ម៉ឺនរៀលក្នុង១ថ្ងៃ រយៈពេល១៥ថ្ងៃ ជូនពលរដ្ឋធ្វើចត្តាឡីស័កដែលមានលក្ខណៈសម្បត្តិ០៤យ៉ាងផងដែរ ។ លក្ខណៈសម្បត្តិ០៤ យ៉ាងនោះ រួមមាន ជាអ្នកពាក់ព័ន្ធផ្ទាល់ជាមួយនឹងព្រឹត្តិការណ៍«សហគមន៍ ២០កុម្ភៈ» ជាអ្នកដែលបានធ្វើតេស្តហើយលទ្ធផលអវិជ្ជមាន ជាអ្នកដែលធ្វើចត្តាឡីស័កនៅតាមផ្ទះ និងសណ្ឋាគារ និងជាអ្នកដែលមានជីវភាពខ្វះខាត។
គួរបញ្ជាក់ថា ចាប់តាំងពីកើតមានព្រឹត្តការណ៍សហគមន៍២០កុម្ភៈ មានសណ្ឋាគារ សាលារៀន ក្លឹបកម្សាន្ត កាស៊ីណូ និងអគារខុនដូរ ជាដើម ត្រូវបានអាជ្ញាធរចុះបិទជាបន្តបន្ទាប់ ក្រោយរកឃើញថា ទីតាំងទាំងនោះមានពាក់ព័ន្ធនឹងអ្នកជំងឺ កូវីដ១៩ ធ្លាប់ចូល ឬក៏កំពុងស្នាក់នៅ។ ជាមួយគ្នានោះ ទីតាំងមួយចំនួនដូចជាសណ្ឋាគារ អគារខុនដូរ និងផ្ទះជាដើម ក៏ត្រូវបានប្រើប្រាស់ជាកន្លែងចត្តាឡីស័ក តែម្តង សម្រាប់អ្នក ប៉ះពាល់ផ្ទាល់និងប្រយោលនឹងអ្នកជំងឺ កូវីដ១៩ ផងដែរ ។
កន្លែងចត្តាឡីស័កទាំងនេះ ក៏ត្រូវបានរឹតបណ្តឹងសន្តិសុខ សណ្តាប់ធា្នប់ពីសំណាកកងកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងប្រជាការពារផងដែរ ដើម្បីធានាការគ្រប់គ្រងស្ថានភាពអ្នកធ្វើចត្តាឡីស័ក អោយបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕