ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដំណើរដោយឯកឧត្តមជាអភិបាលរងខេត្ត និងមន្ត្រីសំខាន់ៗក្នុងក្រុមការងារ បាននាំយកអំណោយមួយចំនួនរបស់រដ្ឋបាលខេត្តនិងអំណោយសប្បុរសជននានា ដើម្បីយកទៅចែកជូនដល់កងកម្លាំងតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រនៃស្រុកទាំង៣ក្នុងនោះរួមមាន៖ ស្រុកកំរៀង ភ្នំព្រឹក និង ស្រុកសំពៅលូន នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ថ្មីៗនេះ។ សម្ភារៈឥវ៉ាន់ប្រើប្រាស់និងគ្រឿងឧបភោគបរិភោគដែលយកទៅប្រគល់ជូនដល់កងកម្លាំងដែលកំពុងតែឈរជើងនៅតាមបន្ទាត់ព្រំដែន ក្នុងការរឹតបន្តឹងពីការឆ្លងដែនខុសច្បាប់ និងពង្រឹងនូវវិធានសុខាភិបាលម៉ឺងងម៉ាត់ ដើម្បីទប់ស្កាត់ពីការឆ្លងដែនវិលត្រឡប់ពីប្រទេសថៃរបស់ប្រជាពលរដ្ឋនិងពីការគេចវេសក្នុងការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
អំណោយជាស្បៀងនិងសម្ភារៈប្រើប្រាស់ទាំងនោះរួមមាន៖ទឹកសុទ្ធ,ត្រីខ,ទឹកស៊ីអីវ,ប្រេងឆា និង,សាប៊ូ,សំពត់តង់, អំពូលសូឡា,ពិលសូឡា, អង្រឹង,មុងប៉ារ៉ា, សំពត់តង់កៅស៊ូត្រេអ៊ី, សាក់កាដូរ, ធូបមូស រួមនិងសម្ភារៈប្រើប្រាស់មួយចំនួនទៀតដែលជាអំណោយនៃរដ្ឋបាលខេត្តរួមនិងអំណោយរបស់លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង និងលោក អ៊ុង គឹមលី ជាសប្បរសជនក្នុងខេត្តផងដែរ៕
ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយកងកម្លាំងឈរជើងនៅទីនោះឯកឧត្តម ងួន រតន: អភិបាលខេត្តបាត់ដំបង បានកោតសរសើរ ចំពោះការលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្ត ក្នុងការខិតខំយកចិត្តទុកដាក់ពីកងកម្លាំង រួមនិងអាជ្ញាធររដ្ឋបាលស្រុកទាំង៣ ដែលបានលះបង់ពេលវេលាក្នុងការអនុវត្តនិងបានបំពេញតួនាទីភារកិច្ចយ៉ាងម៉ត់ចត់ក្នុងការទប់ស្កាត់នូវបញ្ហាប្រឈមនានាពីការឆ្លង និងចម្លងពីមេរោគកូវីដ-19និងពីការគ្រប់គ្រងបងប្អូនពលករ ដែលបានវិលត្រឡប់ពីប្រទេសថៃតាមមណ្ឌលចត្តាឡីស័កក្នុងមូលដ្ឋានស្រុកនិមួយៗ របស់ខ្លួន តាមគោលការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាលកន្លងមក ជាពិសេសការអនុវត្តនូវវិធានសុវត្ថិភាព របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ នៃការឆ្លងរីករាលដាល ពីជំងឺកូវីដ-19 ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានថ្លែងសង្កត់ធ្ងន់ ដោយបានណែនាំនិងធ្វើការជម្រុញដល់គ្រប់កងកម្លាំងទាំងអស់ដែលកំពុងតែបំពេញភារកិច្ចក្នុងការទប់ស្កាត់ពីការឆ្លងនិងចម្លងពីកូវីដ-19 សូមឲ្យបន្តក្នុងកិច្ចសហការល្អជាមួយនិងអាជ្ញាធរនៃរដ្ឋបាលស្រុកនូវក្នុងការពង្រឹង និងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនតាមបទបញ្ជានិងគោលការរបស់ថ្នាក់លើ ជាពិសេសពីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជានិងការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យកាន់តែល្អប្រសើរ នូវ ក្នុងការគ្រប់គ្រង ទប់ស្កាត់ឲ្យបានម៉ឺងម៉ាតម៉ត់ចត់ ចំពោះបងប្អូនពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃ កុំឲ្យគេចវេសពីការធ្វើចត្តាឡីសីកនៅក្នុងមណ្ឌលដែលរដ្ឋបាលខេត្ត បានរៀបចំកន្លងមក នៅតាមបណ្តាស្រុកនីមួយៗ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលកាន់តែខិតកៀកចូលមកដល់ នៅក្នុងពេលឆាប់ៗខាងមុខនេះ៕