សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ និងប្រមុខដឹកនាំប្រទេសកម្ពុជា នៅប្រាសាទបាពួន និងប្រាសាទព្រះខណ្ឌ ខេត្តសៀមរាប នាព្រឹកថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ។
ពិធីបួងសួងនេះផងដែរគឺធ្វើឡើងដើម្បីឧទ្ទិសថ្វាយបុណ្យកុសល ក៏ដូចជាការរំលឹកគុណជូនដល់ដួងវិញ្ញាណក្ខន្ធរបស់បុព្វការីជនក្នុងអតីតកាល ជាពិសេសបុព្វមហាបុរសខ្មែរនាសម័យមហានគរ ទេវតា ដែលថែរក្សាវត្ថុស័ក្តិសិទ្ធិទាំងអស់ រួមមាន មាតា បិតា និងញាតិការទាំងប្រាំពីរសន្ដាន ក៏ដូចជាការពង្រឹងសាមគ្គីភាព និងសាបព្រោះនូវវប្បធម៌សន្តិភាពនៅក្នុងរង្វង់មហាគ្រួសារខ្មែរ និងពិភពលោក រួមជាមួយការលេងភ្លេង និងរបាំថ្វាយផងដែរ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបួងសួងថ្វាយព្រះពរជ័យ ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ មន្រ្តីរាជកាគ្រប់ក្រសួង ស្ថាប័ន ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឱ្យជួបតែសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា ។ ជាពិសេស សូមឱ្យប្រទេសជាតិរួចផុតពី ជំងឺដង្កាត់ គ្រោះកាចចង្រៃ ចៀសផុតពីគ្រោះរាំងស្ងួត និងសម្បូរណ៍សប្បាយ ស្ថិតស្ថេរជានិច្ចនិរន្តតរៀងទៅ៕