អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តន៍ការងារអត្រានុកូលដ្ឋាន និងវឌ្ឍនភាពគម្រោងមូលនីធិក្រុង/ស្រុក ឃុំ/សង្កាត់

នៅសាលាខេត្តប៉ៃលិន នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការអនុវត្តន៍ការងារអត្រានុកូលដ្ឋាន និងវឌ្ឍនភាព គម្រោងមូល​នីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ឆ្នាំ២០២៣ ដើម្បីជំរុញការអភិវឌ្ឍន៍នៅមូលដ្ឋាន និងផ្តល់សេវ៉ាសាធារណៈនានា ជូនដល់​ប្រជាពលរដ្ឋ ស្របតាមគោល​នយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា

ប៉ៃលិន៖ នៅសាលាខេត្តប៉ៃលិន នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការអនុវត្តន៍ការងារអត្រានុកូលដ្ឋាន និងវឌ្ឍនភាព គម្រោងមូល​នីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ឆ្នាំ២០២៣ ដើម្បីជំរុញការអភិវឌ្ឍន៍នៅមូលដ្ឋាន និងផ្តល់សេវ៉ាសាធារណៈនានា ជូនដល់​ប្រជាពលរដ្ឋ ស្របតាមគោល​នយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន  បានមានប្រសាសន៍លើកឡើងថា៖ ការអនុវត្តគម្រោង​មូលនីធិ​ក្រុង/ស្រុក និងឃុំ/សង្កាត់ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍ជាក់ស្តែងនៅមូលដ្ឋានដោយផ្ទាល់ ដូច្នេះមន្ត្រី​ជំនាញទាំងអស់ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវខិត​ខំប្រឹងប្រែងសិក្សាស្វែងយល់ឲ្យបានម្មត់ចត់ ដើម្បីអោយការ​ប្រើប្រាស់ថវិកា គម្រោងមូលនីធិនេះ ចំគោលដៅ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការលើក​កម្ពស់ជីវភាព​រស់នៅ ឲ្យកាន់តែ​ប្រសើរ​ឡើង ដោយឈរលើគោលនយោបាយសេដ្ឋកិច្ច ទីផ្សាសេរី និងសមធម៌សង្គម ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍ក្រើនរំលឹកដល់អាជ្ញាធរក្រុង/ស្រុក ក្រុមប្រឹក្សាឃុំ/សង្កាត់ និងមន្ត្រី​ពាក់ព័ន្ធ ត្រូវមើលឡើងវិញនូវរាល់បញ្ហា នាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូន​ពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម ជាពិសេសត្រូវខិតខំដុសខាត់​ទាំង​ចំណេះ​ដឹង និងសមត្ថភាព ក្នុងនាមជាតំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋាន ដើម្បីអនុវត្តតួនាទី និងភារកិច្ច​របស់​ខ្លួន ឆ្លើយ​តបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ឈានឆ្ពោះទៅ​រួម​ចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់​ថ្នាក់​ ដែល​បានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធិភាព ជាពិសេសបានចូលរួមក្នុងការ​ថែរក្សា​សន្តិសុខ សណ្តាប់​ធ្នាប់សាធារណៈ ការបម្រើសេវាសាធារណៈនានាបានល្អប្រសើ និងបានកសាងសមិទ្ធផលនានា នៅ​តាម​​​មូលដ្ឋាន​​ឱ្យលេច​ឡើង​ជារូបរាង ដែលជាការរួមចំណែកឲ្យខេត្តប៉ៃលិនយើង មានភាពរីកចម្រើន ស្របតាមគោល​នយោបាយ​ដ៏ត្រឹម​ត្រូវរបស់​រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា ៕