លោកជំទាវអភិបាលខេត្ត បានអានខ្លឹមសារទាំងស្រុង នូវសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើក បវសនកាលឆ្នាំសិក្សា ២០២៣-២០២៤ ដូចតទៅសូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ! សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ! ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ ! លោកគ្រូ អ្នកគ្រូ ក្មួយៗ សិស្សានុសិស្សជាទីស្រឡាញ់រាប់អាន និងបងប្អូនជនរួមជាតិទាំងអស់ជាទីស្នេហា!ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវក្តី សោមនស្ស រីករាយ និងសូមចូលរួមអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ជាមួយ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹង ដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំនៅតាម សាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មី សម្រាប់ថ្នាក់ថ្មី ចំពោះក្មួយៗដែលបានឡើងថ្នាក់ពីឆ្នាំសិក្សាកន្លងមក។ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ក៏អាចចាត់ទុកជាថ្ងៃដំបូង ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ចាប់ផ្តើមអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យអប់រំ ដូចមានចែងក្នុងបញ្ចកោណទី១ នៃ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើ “ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា” និងការដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ដោះស្រាយក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្នុងគោលដៅ “លើកកម្ពស់ គុណភាពអប់រំ” ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈ ការពង្រឹងកិច្ចការសំខាន់ៗ រួមមាន៖ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀនទី២. ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាម តម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្សទី៣.ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យ គុណភាពចំណីអាហារ នៅតាមសាលាទី៤. ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូ រដ្ឋ និងសហគមន៍ដើម្បីការអប់រំ »។ឆ្លើយតបនឹងស្មារតីខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចូលចំណុចគន្លឹះ ទាំង៤ ខាងលើ ទៅក្នុង «ស្តង់ដាសាលារៀនគំរូ» ចំនួន៥ សម្រាប់មត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា។ ជាងនេះទៅទៀត ដើម្បីបង្កើនការយកចិត្តទុកដាក់ លើការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អ របស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ក្រសួងបានដាក់ឱ្យអនុវត្តការផ្តល់ពិន្ទុ ៨០ភាគរយ លើចំណេះដឹង, ១០ភាគរយ លើបំណិន, និង ១០ភាគរយ លើសីលធម៌ និងចរិយាធម៌។នៅថ្ងៃនេះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំក៏សូមប្រកាសដាក់ចេញនូវ “យុទ្ធនាការសាលារៀនស្អាត គ្មានសំរាម” នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤តទៅ ដើម្បីគាំទ្រដល់ការអនុវត្តចលនាប្រឡង ប្រណាំងសាលាស្អាត ដែលកន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវគោលការណ៍, លក្ខណៈវិនិច្ឆ័យ, និងនីតិវិធី នៃការវាយតម្លៃសាលាស្អាតរួចមកហើយ ព្រមទាំងមានផ្តល់ជូនរង្វាន់លើកទឹកចិត្ត ក្នុងឱកាសនៃសន្និបាតអប់រំប្រចាំឆ្នាំផងដែរ។ការដាក់ចេញនូវអាទិភាពគោលនយោបាយ, វិធានការគន្លឹះ និងយុទ្ធនាការខាងលើនេះ មានគោលដៅ ធ្វើឱ្យសាលារៀន ក្លាយជាអង្គភាពសេវាសាធារណៈ ដែលមានប្រសិទ្ធភាពខ្ពស់, អភិបាលកិច្ចល្អ, និងមាន គណនេយ្យភាព ជាមួយនឹងប្រជាជន និងសហគមន៍។ ដូច្នេះហើយ សាលារៀនត្រូវតែអនុវត្តតួនាទី ប្រកបដោយ ការទទួលខុសត្រូវខ្ពស់ ជាពិសេស លើការបង្រៀន និងការរៀន ដែលនឹងនាំទៅរកការប្រែប្រួលជាវិជ្ជមាន នៃលទ្ធផលសិក្សារបស់សិស្ស។ ការពង្រឹងអភិបាលកិច្ចសាលារៀន នឹងឈានទៅលើកកម្ពស់គុណភាពអប់រំ ដែលចំណុះឱ្យកត្តាសំខាន់ៗ ៤ រួមមាន៖(១) កត្តាសាលារៀន៖ សាលារៀនត្រូវផ្ដល់នូវ បរិស្ថានអំណោយផល សម្រាប់ការបំពេញការងាររបស់ គ្រូបង្រៀន និងការសិក្សារបស់សិស្ស ដូចជាការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ មានប្រសិទ្ធភាព, ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសមស្រប, អនាម័យនិងសុវត្ថិភាព, ការប្រើប្រាស់ថវិកាដើម្បីគាំទ្រការរៀន និងបង្រៀន, ស្វ័យភាពក្នុងការអនុវត្តកម្មវិធីសិក្សា និងគណនេយ្យភាពរបស់សាលារៀន។(២) កត្តាគ្រូបង្រៀន៖ គ្រូបង្រៀនត្រូវមានគុណវុយិខ្ពស់, មានការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ, មានវិធីសាស្ត្រ បង្រៀនថ្មី, និងចេះប្រើប្រាស់បច្ចេកវិទ្យា និងរង្វាយតម្លៃក្នុងការបង្រៀន។ ទន្ទឹមនេះ គ្រូបង្រៀន ក៏ត្រូវខិតខំប្រឹងប្រែង និងមានឥរិយាបថល្អ, ទទួលបាននូវលក្ខខណ្ឌការងារ និងការរស់នៅសមរម្យ, ទទួលបានឱកាសសម្រាប់ការសិក្សាស្រាវជ្រាវ និងសហគមន៍សិក្សាវិជ្ជាជីវៈ ព្រមទាំងការលើកទឹកចិត្ត តាមគ្រប់រូបភាព។(៣) កត្តាសិស្ស សិស្សមានការលូតលាស់រាងកាយ ខួរក្បាល សតិបញ្ញា មានឥរិយាបថវិជ្ជមាន មានពេលវេលាគ្រប់គ្រាន់ សម្រាប់ការសិក្សារៀនសូត្រ និងត្រៀមខ្លួនរួចស្រេចសម្រាប់ការសិក្សា។ សាលារៀនទាំងនៅទីជនបទ និងតំបន់ជួបការលំបាក ត្រូវមានកម្មវិធីបំប៉នអាហារូបត្ថម្ភ, ការផ្ដល់អាហារូបករណ៍, និងការផ្ដល់អាហារតាមសាលារៀន។(៤) កត្តាគ្រួសារ៖ ស្ថានភាពសេដ្ឋកិច្ចនិងសង្គមរបស់គ្រួសារ, ការឱ្យតម្លៃលើការរៀនសូត្រ, ការជួយគាំទ ខាងផ្នែកស្មារតី និងសម្ភារៈ ពិតជាមានសារៈសំខាន់សម្រាប់ការអប់រំ។ ទោះជាយ៉ាងណា បញ្ហា ចំណាកស្រុក, កង្វះការថែទាំកុមារ, ស្ថានភាពអនាម័យ, និងការប្រើប្រាស់ពលកម្មកុមារ ដើម្បី រកប្រាក់ចំណូល បានជះឥទ្ធិពលអវិជ្ជមាន លើការសិក្សារបស់សិស្ស។ដូចនេះ ដើម្បីពង្រឹងអភិបាលកិច្ចសាលារៀន ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់មធ្យមសិក្សា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំយន្តការដើម្បីគាំទ្រដល់សាលារៀន ឆ្ពោះទៅសម្រេចបានស្ដង់ដាសាលារៀនមាន ប្រសិទ្ធភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍រួចហើយ ដើម្បីដាក់ឱ្យអនុវត្ដ “ស្តង់ដា សាលារៀនគំរូ” និង “ពានរង្វាន់ សាលាគំរូ សម្តេចមហាបវរធិបតី” នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា ២០២៣- ២០២៤ នេះតទៅ។ដើម្បីឱ្យដំណើរការឆ្នាំសិក្សា ២០២៣-២០២៤ ទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមលើកឡើងនូវចំណុចមួយចំនួនដូចខាងក្រោម៖ទី១. ក្រសួងអប់រំ យុវជន និងកីឡាបន្តអនុវត្តកម្មវិធីកំណែទម្រង់វិស័យអប់រំ ដែលបានដាក់ចេញ រួចហើយ ជាពិសេសការរៀបចំយន្តការគាំទ្រ និងយន្តការវាយតម្លៃសាលារៀនគំរូ។ទី២. គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវបន្តរៀបចំបរិស្ថានសាលារៀនស្អាត គ្មានសំរាម សាលារៀនបៃតង ឱ្យស័ក្តិសមជាទីកន្លែងសម្រាប់ការអប់រំ និងបណ្ដុះបណ្ដាលគំនិតស្អាតស្អំ ឥរិយាបថល្អ និងគ្មាន ការញាំញីផ្លូវចិត្ត និងផ្លូវកាយ។ទី៣. លោកគ្រូ អ្នកគ្រូទាំងអស់ សូមបន្តដើរតួជាបុគ្គលនាំមុខ ជាឪពុកម្ដាយទី២ ជាមគ្គុទ្ទេសក៍ ជាអ្នក ស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ជាប្រចាំទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស។ទី៤. មាតាបិតា អ្នកអាណាព្យាបាល សូមចូលរួមតាមដានលទ្ធផលសិក្សា អត្តចរិត សីលធម៌ សុជីវធម៌ របស់កូនទាំងនៅក្នុងគ្រួសារ សាលារៀន និងសហគមន៍ ព្រមទាំងជួយបង្រៀនកូនបន្ថែមនៅផ្ទះ ឬបង្កលក្ខណៈឱ្យកូនបានសិក្សាបន្ថែមនៅផ្ទះ ជាពិសេសការចូលរួមអានសៀវភៅជាមួយកូន ជាដើម។ បន្ថែមពីលើនេះ មាតាបិតា អ្នកអាណាព្យាបាលត្រូវផ្គត់ផ្គង់សម្ភារសិក្សា ទិញសៀវភៅ លំហាត់ឱ្យកូន សម្រាប់ហ្វឹកហាត់ទាំងនៅសាលារៀន និងនៅផ្ទះ, ចូលរួមគាំទ្រជាសម្ភារៈ ថវិកា ដល់ដំណើរការ បណ្ណាល័យនៅតាមសាលារៀន, ចូលរួមក្នុងការអភិវឌ្ឍសាលារៀន, និងគាំទ្រដល់គ្រូបង្រៀន តាមគ្រប់លទ្ធភាព។ទី៥. ប្អូនៗ ក្មួយៗ សិស្សានុសិស្ស យុវជន យុវនារីទាំងអស់ សូមបន្តខិតខំរៀនសូត្រនិងស្រាវជ្រាវ ឱ្យបានខ្ជាប់ខ្ជួននិងចូលរួមធ្វើ “អំពើល្អ” ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិ យើងទាំងមូល។ ជាមួយនេះដែរ សូមប្អូនៗ ក្មួយៗ សិស្សានុសិស្ស ចងចាំជានិច្ចថា បើយើង ស្រឡាញ់ខ្លួន ស្រឡាញ់ឳពុកម្តាយ និងចង់បានអនាគតរុងរឿង គឺត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។ទី៦. ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ សូមបន្តចូលរួម និងគាំទ ឱ្យកាន់តែសកម្មថែមទៀត ក្នុងការអភិវឌ្ឍសាលារៀន ព្រមទាំងបន្តជួយផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ អំពីកិច្ចការពារកុមារពីអំពើហិង្សា និងពលកម្មកុមារគ្រប់ទម្រង់។ទី៧. ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ និងសប្បុរសជននានា សូមបន្តចូលរួម ឱ្យបានកាន់តែសកម្មបន្ថែមទៀត ក្នុងការជួយគាំទ្រដល់វិស័យអប់រំ ជាពិសេសការលើកកម្ពស់ អភិបាលកិច្ចសាលារៀន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ទី៨. គ្រប់ស្ថានីយ៍វិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមបន្តជួយផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ អំពីយុទ្ធនាការនៃការប្រមូលកុមារចូលរៀន និងសារៈសំខាន់នៃការអប់រំ ជាពិសេស ការផលិតកម្មវិធីអប់រំ និងវីដេអូបង្រៀន ដើម្បីឱ្យសេវាអប់រំកាន់តែគ្របដណ្ដប់គ្រប់ទីកន្លែង គ្រប់ពេលវេលា និងស្របទៅនឹងទស្សនាទាននៃការអប់រំពេញមួយជីវិត។ទី៩. សូមមាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប នាំកូននាំចៅមកចុះឈ្មោះចូលរៀន និងបន្តផ្តល់ការគាំទ ការលើកទឹកចិត្ត និងការជួយបង្រៀនបន្ថែមតាមគ្រប់រូបភាព នៅឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នេះ ទាំងអស់គ្នា។ជាថ្មីម្តងទៀត ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្លែងអំណរព្រះគុណចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ ព្រះអង្គ សូមអរគុណចំពោះបងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ ព្រមទាំងដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជននានា ដែលតែងតែបានរួមចំណែកក្នុងការកសាង និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឱ្យមានដំណើរការរីកចម្រើនគួរជាទីមោទនៈ ក្នុងរយៈកាលកន្លងមកនេះ និងសូមបន្ត ជួយឧបត្ថម្ភគាំទ្រ និងផ្ដល់នូវកិច្ចសហការល្អតទៅទៀត ដើម្បីបុព្វហេតុនៃការអភិវឌ្ឍកុមារ និង យុវជនកម្ពុជា គ្រប់ៗរូប។ជាទីបញ្ចប់ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមប្រគេនពរព្រះតេជគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ ប្អូនៗ ក្មួយៗ សិស្សានុសិស្ស និងបងប្អូនជនរួមជាតិទាំងអស់ នៅទូទាំងប្រទេស សូមប្រកបដោយព្រះពុទ្ធពរ ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ នៅវិទ្យាល័យ ហ៊ុន សែន ចំការលើ
លោកជំទាវអភិបាលខេត្ត បានអានខ្លឹមសារទាំងស្រុង នូវសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើក បវសនកាលឆ្នាំសិក្សា ២០២៣-២០២៤ ដូចតទៅសូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ! សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល