ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការជានារីក្នុងក្របខ័ណ្ឌសាលាខេត្តប្រមាណជាង៣០នាក់ ក្នុងឱកាសអបអរសាទរ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ ២០២១ ក្រោមប្រធាន បទស្តីពី ” ស្ត្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩” ដែលបានប្រារព្ធធ្វើឡើង នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ ញាន ទិត្យចិន្តា អភិបាលរងខេត្តបានចាត់ទុកស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ដ៏សំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន។
លោកជំទាវ អភិបាលរងខេត្តបានសម្តែងនូវការគាំទ្រប្រធានបទ នៃទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំនេះហើយប្រធានបទនេះ នឹងក្លាយជាសូចនាករមួយដ៏សំខាន់ ក្នុងការបង្កើតភាពអង់អាចរបស់ស្រ្តីនិងក្មេងស្រីកម្ពុជាដែលជាកម្លាំងចលករមួយក្នុងការរួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ហើយ វាជា កត្តាអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ស្ថានភាព ជីវភាព សិទ្ធិ ឋានៈ តួនាទីរបស់ស្ត្រី និងយុវវ័យក្នុងសង្គម និងការបង្កើតយន្តការ ផែនការសកម្មភាពជាតិ ដើម្បី ឆ្លើយតបនឹងអំពើហិង្សាគ្រប់រូបភាពលើស្ត្រី និងក្មេងស្រី ជាពិសេសការលើកកម្ពស់គុណភាពនៃការផ្តល់សេវាជាពហុវិស័យនៅតាមខេត្តនានា តាមរយៈក្រុមការងារអន្តរស្ថាប័ន ដោយមាន កិច្ចសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល ដើម្បីជួយជនរងគ្រោះឲ្យទាន់ពេលវេលា និង ប្រសិទ្ធភាពស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលនៅ តែបានចាត់ទុក ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ។
នៅក្នុងឱកាសនោះលោកជំទាវ ក៏បានផ្ដល់ជូនជាថវិកាមួយចំនួន ដល់មន្រ្ដីក្របខ័ណ្ឌជានារី នៅសាលាខេត្តផងដែរ៕