ខេត្តកោះកុង៖ ថ្ងៃសុក្រ ៥ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី“ការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា” ជូនដល់សមាជិកនៃគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង។
លោកជំទាវបានលើកឡើងថា ថ្ងៃនេះខ្ញុំមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានចូលរួមជាមួយ លោក លោកស្រី នៅក្នុងពិធីបើក បណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា” ដែលរៀបចំដោយលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង។ តាងនាមប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសង្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមាន លោក លោកស្រីសិក្ខាកាម ដែលជាប្រធានមន្ទីរ អង្គភាពជំនាញ អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ លោក លោកស្រីក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងមន្រ្តីពាក់ព័ន្ធ ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃចូលរួមក្នុងវគ្គបណ្តុះបណ្ដាល់ដ៏មានសារៈសំខាន់នេះ។ ជាមួយនេះ ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានសហការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនាពេលនេះ។
លោក លោកស្រី! ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបញ្ចូលជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើ សកលលោក កាលពីថ្ងៃទី២៥ និងទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងទូបាគូកា ប្រទេសសេណេហ្គាល់ ដោយក្លឹប ឆ្នេរស្អាតបំផុតលើពិភពលោក ដោយសារភាពសម្បូរបែបនៃជីវៈចម្រុះ ភាពប្រណិតនៃបរិស្ថានធម្មជាតិ តម្លៃអេកូឡូស៊ី សេដ្ឋកិច្ចសង្គម វប្បធម៌ និងប្រពៃណីក្នុងតំបន់ ព្រមទាំងភាពទាក់ទាញផ្នែកទេសចរណ៍នៃឆ្នេរ សមុទ្រកម្ពុជា។ ដើម្បីរក្សាបាននូវតម្លៃក្នុងនាមជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ការរៀបចំទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធទីប្រជុំជននៅជាប់តំបន់ឆ្នេរសមុទ្រ គឺជាកត្តាសំខាន់ដើម្បីធានាចីរភាពនៃការរីកចម្រើនលើវិស័យ សេដ្ឋកិច្ច ទេសចរណ៍ និងកំណើនប្រជាជននៅក្នុងតំបន់ឆ្នេរសមុទ្រ ពិសេសខេត្តកោះកុងរបស់យើងដែលជាខេត្តមានឆ្នេរសមុទ្រវែងជាងគេ នៃព្រះរាជាណាចក្រកម្ពុជា (ប្រហែល២៣៧គីឡូម៉ែត្រ) ដែលទាមទារឲ្យមានការអភិវឌ្ឍផ្នែករូបវន្ត ហេដ្ឋារចនាសម្ព័ន្ធ និងផែនការមេអភិវឌ្ឍន៍ទីក្រុងសមស្រប ដើម្បីឆ្លើយតបទៅនឹងស្ថានភាពភូមិសាស្ត្រ និងតម្រូវការ ជាក់ស្តែង។ ក្នុងន័យនេះរាជរដ្ឋាភិបាលកម្ពុជា មានផែនការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរឲ្យបានត្រឹមត្រូវ មានប្រសិទ្ធភាពនិងចីរភាព ដើម្បីចៀសវាងនិងទប់ស្កាត់ផលប៉ះពាល់ដល់ការអភិវឌ្ឍទេសចរណ៍ សេដ្ឋកិច្ចសង្គម បរិស្ថាន វប្បធម៌ និងប្រពៃណីក្នុងតំបន់ឆ្នេរសមុទ្រ ដោយបានដាក់ចេញនូវសារាចរលេខ ០១ សរណន ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១២ ស្ដីពី “ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា”។ សារាចរនេះមានគោលបំណង ដើម្បីណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យអនុវត្តនូវគោលការណ៍គ្រប់គ្រង ប្រើប្រាស់ ថែរក្សា ការពារ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ដែលរួមមានដែនគោក កោះ និងដែនទឹកឱ្យបានល្អប្រសើរ។ ដើម្បីជាយន្តការលើការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានចេញសេចក្តីសម្រេចលេខ ០៥៧សសរ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង ដែលជាគណៈកម្មាធិការមួយក្នុងចំណោមគណៈកម្មាធិការនៃខេត្តជាប់សមុទ្រទាំង៤ កោះកុង ព្រះសីហនុ កំពត កែប។ ក្នុងន័យនេះការរៀបចំវគ្គបណ្តុះបណ្តាល ស្ដីពី“ការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា”នាថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០៥៧សសរ របស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍនតំបន់ឆ្នេរសមុទ្រកម្ពុជា និងធានាប្រសិទ្ធភាពនៃការអនុវត្តតួនាទី ភារកិច្ច និងការយល់ដឹងឱ្យកាន់តែស៊ីជំរៅអំពីការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់សមាជិកនៃគណៈកម្មាធិការ និងស្ថាប័នពាក់ព័ន្ធ ពិសេសរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ដើម្បីអាចមានសមត្ថភាពលើការអភិវឌ្ឍមូលដ្ឋាននានាឱ្យស្របនឹងសារាចរលេខ០១ របស់រាជរដ្ឋាភិបាល និងចូលរួមរៀបចំផែនការមេអភិវឌ្ឍទីក្រុង ទីប្រជុំជនការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រ ធនធានសមុទ្រ ទប់ស្កាត់ការសាងសង់សំណង់អាណាធិបតេយ្យរំលោភចំណីឆ្នេរ ការបញ្ចេញកាកសំណល់រឹង-រ៉ាវ ចូលសមុទ្រ នឹងត្រូវ ផ្សព្វផ្សាយបន្តដល់មូលដ្ឋាន វិស័យឯកជនដើម្បីចូលរួមថែរក្សា ការពារ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រដែលជាគ្រឹះក្នុងការ លើកកម្ពស់គុណភាពជីវិតប្រជាជនតំបន់ឆ្នេរ។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា មន្ទីរ អង្គភាពជំនាញ រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ នឹងចូលរួមត្រង់ត្រាប់ស្ដាប់ការធ្វើបទបង្ហាញរបស់មន្រ្តីជំនាញនៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ក៏ដូចជាការផ្តល់ជាធាតុចូលតាមរយៈកិច្ចពិភាក្សា កម្មវិធីសំនួរ ចំលើយ និងផ្តល់ជាបទពិសោធន៍ នានា ដើម្បីឆ្លើយតបទៅនឹងគោលបំណងនៃសារាចរលេខ០១ របស់រាជរដ្ឋាភិបាល និងលេខាធិការដ្ឋានគណៈកម្មាធិការ ខេត្ត។
មុននឹងបញ្ចប់ ជាថ្មីម្តងទៀត ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះលេខាធិការដ្ឋានគណៈកម្មាធិការ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលផ្តល់កិច្ចសហការយ៉ាងល្អប្រសើរក្នុងការរៀបចំវគ្គបណ្តុះបណ្តាល នាពេលនេះ។ ជាមួយនេះ ខ្ញុំសូមប្រសិទ្ធពរជូនលោក លោកស្រី ក្រុមការងារ និងសិក្ខាកាម សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីអាក់ខាន ឡើយ និងសូមប្រកាស បើកវគ្គបណ្តុះបណ្តាលចាប់ពីពេលនេះតទៅ។