លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានសរសេរនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី ៣១ ខែតុលានេះថា ពាក់ព័ន្ធករណីជនដែលបានប្រព្រឹត្តអំពើមិនគម្បី ខ្វះសីលធម៌ អគតិធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមគួរឲ្យស្អប់ខ្ពើមបំផុត បានយកដំបងជ្រុងវាសំពងក្បាលកូនឈ្លូស ដែលកំពុងហែលទឹកទៅរកដីគោក បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែង។
លោកជំទាវ មិថុនា ភូថង បានសរសេរបន្តថា «ពាក់ព័ន្ធករណីខាងលើ ខ្ញុំសូមលើកទឹកចិត្តជាថវិកាចំនួន ៤,០០០,០០០ រៀល (បួនលានរៀល) ដល់អ្នកដែលបានផ្តល់ព័ត៌មាន អត្តសញ្ញាណរបស់ជនដែលបានប្រព្រឹត្តអំពើអមនុស្សធម៌ នូវ ភិនភាគរូបរាង ដូចដែលមាននៅក្នុងវីដេអូនេះ។ ចំពោះអ្នកដែលបានផ្តល់ព័ត៌មាននេះ យើងខ្ញុំនឹងរក្សាទុកជាការសម្ងាត់ »។
ជាមួយគ្នានេះ អភិបាលខេត្តកោះកុង ក៏បានស្នើសុំឲ្យសាធារណជន ជាពិសេសអ្នកដែលបាននៅក្នុងហេតុការណ៍នោះ ចូលរួមជាមួយអាជ្ញាធរមានសម្ថកិច្ច ដើម្បីឈានទៅរកចាប់ខ្លួនជននោះ យកមកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ។
កាលពីពេលថ្មីៗនេះ មានការរិះគន់ជាខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ទៅលើសកម្មភាពរបស់បុរសម្នាក់ វាយសម្លាប់សត្វឈ្នូសប្រឹងហែលសមុទ្រឡើងលើគោក នៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ច បាននិងកំពុងស៊ើបអង្កេតសម្ងាត់ជាថ្មី ដើម្បីឈានទៅដល់ការកំណត់អត្តសញ្ញាណជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់៕