ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២៣ នៅក្រុងខេមរភូមិន្ទ
ឯកឧត្តម បានលើកឡើងថា ថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានចូលរួមជាអធិបតីនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង ឆ្នាំ២០២៣ នៅក្រុងខេមរភូមិន្ទ នាពេលនេះ។ ជំនួសមុខឱ្យក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ខ្ញុំសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ វត្តមានគណៈអធិបតី អស់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាព ក្រុមប្រឹក្សា គណៈអភិបាលក្រុង ការិយាល័យជំនាញចំណុះឱ្យរដ្ឋបាលក្រុង ក្រុមប្រឹក្សាសង្កាត់ អធិការដ្ឋាននគរបាលក្រុង ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងវិស័យឯកជនទាំងអស់ ដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃអញ្ជើញមកចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាថ្ងៃនេះ។
ការប្រារព្ធឡើងនូវវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនាឱកាសនេះ គឺជា ការអនុវត្តតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យលេខ ២១៦ អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីតួនាទីភារកិច្ច និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង ក្រុមប្រឹក្សា គណៈអភិបាលស្រុក នៅមាត្រា៦៥ និង១២១ ដែលបានចែងថា នៅក្នុងអំឡុងខែមិថុនានៃឆ្នាំនីមួយៗ ក្រុមប្រឹក្សាក្រុង ស្រុក ត្រូវរៀចំឱ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមឃុំ សង្កាត់នានាក្នុងក្រុង ស្រុករបស់ខ្លួន និងនៅមាត្រា៩ បានចែងថា ក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំនីមួយៗ ក្រុមប្រឹក្សាខេត្តត្រូវរៀបចំឱ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមបណ្តាក្រុង ស្រុកនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាក្រុង បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ខ្លួននៅតាមសង្កាត់រួចរាល់ហើយ និងបានទទួលយកនូវសំណើ សំណូមពរមួយចំនួន ដើម្បីយកមកដោះស្រាយ និងឆ្លើយតបសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួន។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នាឆ្នាំ២០២៣នេះ គឺជាវេទិកាឆ្នាំទី៤ នៅក្នុងអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ដែលរៀបចំឡើងនៅតាមបណ្តាក្រុង ស្រុក នៃខេត្តកោះកុង ក្នុងគោលបំណងផ្តល់ពត៌មានជូនដល់ប្រជាពលរដ្ឋទូទៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលក្រុង ស្រុក និងដើម្បីធានាថា ៖
១-រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ធ្វើការដោះស្រាយ និង ឆ្លើយតបបានយ៉ាងល្អប្រសើរ
២-គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលក្នុងដំណើរការ នៃកិច្ចពិភាក្សាស្វែង រកនូវបញ្ហា ដើម្បីធ្វើឱ្យស្របតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ ទន្ទឹមនឹងនេះក្រុមប្រឹក្សាខេត្ត នឹងបង្កើតបាននូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យ ភាពតាមបែបប្រជាធិបតេយ្យរបស់ខ្លួនតាមរយៈ៖
•ការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋនូវសមិទ្ធផល ដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និង បញ្ហាប្រឈមនានា
•ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ អំពីគម្រោងអាទិភាព នៃការងារអភិវឌ្ឍរបស់ក្រុមប្រឹក្សាខេត្ត សម្រាប់ឆ្នាំខាងមុខ
•ផ្តល់ឱកាសជូនប្រជាពលរដ្ឋ ដើម្បីពិភាក្សាលើរបាយការណ៍របស់ក្រុមប្រឹក្សាខេត្ត
•ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតបត្រឡប់ ទៅវិញ។
ឯកឧត្តម លោកជំទាវ លោកបណ្ឌិត លោក លោកស្រី សមាជិក សមាជិកា នៃអង្គវេទិកាទាំងមូលជាទីមេត្រី ! វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាថ្ងៃនេះ គឺជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលស្រុក រដ្ឋបាលសង្កាត់ អង្គការសង្គមស៊ីវិល វិស័យឯកជន ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ និងផ្តល់ប្រឹក្សាយោបល់អំពីអាទិភាពនៃការអភិវឌ្ឍខេត្តសំដៅធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ ដូច្នេះវត្តមានរបស់ឯកឧត្តម លោកជំទាវ លោកបណ្ឌិត អស់លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ នាឱកាសនេះ ពិតជាមានសារៈសំខាន់បំផុត ដែលអាចលើកឡើងនូវមតិយោបល់សំណើ សំណូមពរ និងអនុសាសន៍សម្រាប់កែលម្អដល់ការអភិវឌ្ឍន៍មូលដ្ឋានរបស់ខេត្តយើង ឱ្យកាន់តែប្រសើរឡើង ព្រោះយើង ទាំងអស់គ្នាចង់បាននូវការថែរក្សាការពារ និងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងការការផ្តល់សេវាសាធារណៈ ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត និងកាន់តែខិតទៅជិតប្រជាពលរដ្ឋ។
ជាទីបញ្ចប់ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនាថ្ងៃនេះ នឹងទទួលបានជោគជ័យស្របតាមកម្មវិធី និងប្រធានបទដែលបានគ្រោងទុក និងសូមគោរពជូនពរ គណៈអធិបតី ភ្ញៀវកិត្តិយស បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ និងសូមប្រកាសបើកអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង ចាប់ពីពេលនេះតទៅ៕
ថ្ងៃអង្គារ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣