អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី អបអរសាទរទិវារទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង”

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី អបអរសាទរទិវារទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង"

កោះកុង÷ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី អបអរសាទរទិវារទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង”

ក្នុងពិធីនោះ លោកជំទាវអភិបាលខេត្ត បានអាននូវសារលិខិតទាំងស្រុង

-សូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ !

-សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា !

-បងប្អូន ជនរួមជាតិទាំងអស់ជាទីស្នេហា !

ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំមានក្តីសោមនស្សរីករាយ ក្រៃលែង ដោយបានចូលរួមជាមួយបងប្អូនជនរួមជាតិ ក៏ដូចជាប្រជាជាតិទាំងឡាយក្នុងពិភពលោក ដើម្បី អបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកញ្ញា ជារៀងរាល់ឆ្នាំ។

ប្រធានបទឆ្នាំ២០២៣ នេះ ពិតជាបានគូសរំលេចកាន់តែច្បាស់ថែមទៀតពីតួនាទី នៃវិស័យទេសចរណ៍ក្នុងការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ក៏ដូចជាការគិតគូរដល់គំរូនៃការវិនិយោគថ្មី ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាពកាន់តែប្រសើរ។ ជាការពិតណាស់ ក្នុងមួយទសវត្សរ៍ ចុងក្រោយនេះ វិស័យទេសចរណ៍កម្ពុជាបានរីកលូតលាស់គួរជាទីមោទកៈ។ ប៉ុន្តែ ជាអកុសលការរីកចម្រើននៃវិស័យនេះ ត្រូវបានបង្អាក់ស្ទើរតែទាំងស្រុងក្នុងរយៈពេលជាង៣ឆ្នាំចុងក្រោយ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលអវិជ្ជមាន និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅទូទាំង សកលលោក។ ជាការកត់សម្គាល់ វិស័យទេសចរណ៍ បានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដែលបានដាក់សម្ពាធយ៉ាងខ្លាំងដល់ប្រតិបត្តិករជាច្រើននៅក្នុងវិស័យនេះ។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៦ នៃរដ្ឋសភា កន្លងទៅ កម្ពុជាបានក្លាយជាប្រទេសដំបូងគេនៅក្នុងតំបន់ ដែលបានបើកប្រទេសពេញលេញលើគ្រប់វិស័យប្រកបដោយ សុវត្ថិភាព ដោយផ្តល់នូវភាពអំណោយផលដល់ការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឱ្យងើបឡើងវិញ នៅក្នុងល្បឿនលឿនគួរឱ្យកត់សម្គាល់។

លោកជំទាវបានបន្តថា ជាលទ្ធផល រយៈពេល៨ខែ ឆ្នាំ២០២៣នេះ កម្ពុជាបានទទួលទេសចរអន្តរជាតិចំនួនជាង ៣,៥លាននាក់ កើនឡើង ២៥០,៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ក្នុងកម្រិត៨០% នៃឆ្នាំ២០១៩ មុនវិបត្តិនៃជំងឺកូវីដ-១៩ រីឯទេសចរជាតិមានប្រមាណ ១២,៣៨ លាននាក់ កើនឡើង ៦២,៥%។ ឆ្នាំ២០២៣នេះ ក្រោមយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ (Cambodia Visit Year 2023) កម្ពុជារំពឹងទទួល

បានទេសចរអន្តរជាតិប្រមាណ ៥លាននាក់ កើនឡើង ១២០% និងទេសចរជាតិប្រមាណ ១៧លាននាក់ និង ឆ្នាំ២០២៨ ទេសចរអន្តរជាតិអាចកើនដល់៨លាននាក់។

ការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ក៏មានការចូលចំណែកពីវិស័យនានា ជាពិសេសការចូលរួមចំណែកយ៉ាងសកម្មពីភាគីពាក់ព័ន្ធក្នុងការអនុវត្តផែនទីចង្អុលផ្លូវនៃផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងអំឡុងពេលនិងក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ក៏ដូចជាផែនការយុទ្ធសាស្រ្តនានាដែលបានដាក់ចេញ នាពេលកន្លងមក។

ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា លោកស្រីសូមប្ដេជ្ញាបន្តនូវរីភាពគំរូរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបន្តស្ដារ លើកស្ទួយ និងអភិវឌ្ឍវិស័យទេសចរណ៍ ឱ្យកាន់តែរីកចម្រើនថែមទៀត។ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យទេសចរណ៍គ្រប់ជ្រុងជ្រោយមួយស្តីពីការលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍សកលឈានមុខ ប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ លោកស្រីសូមផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖

១-ត្រូវបង្កើនការវិនិយោគ និងបន្តកសាងមូលធនមនុស្សបន្ថែមទៀត រាប់ទាំងការគិតគូរកម្មវិធីសិក្សា ប្រកបដោយភាពច្នៃប្រឌិត និងភាពរស់រវើក ធានាឱ្យបានអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ មានសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈដែលអាចសម្របខ្លួនបានទៅនឹងការប្រែប្រួលនាពេល អនាគត និងរក្សាបាននូវឧត្តមភាពប្រកួតប្រជែងខ្ពស់របស់កម្ពុជានៅក្នុងតំបន់ និងសកលលោក។ ក្នុងន័យនេះ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ ផ្នែកឯកជន ជួយសហការគាំទ្រក្រសួង ទេសចរណ៍ ក្នុងការបន្តពង្រឹងការអនុវត្តផែនការអភិវឌ្ឍន៍ធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ដោយផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញទេសចរណ៍ដល់បុគ្គលបម្រើការងារក្នុងសេវាទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ភាពជោគជ័យនៃការទាក់ទាញ និងការរក្សាបាននូវទេពកោសល្យក្នុងវិស័យទេសចរណ៍ នឹងចូលរួមជំរុញដល់យុទ្ធសាស្រ្តពិពិធកម្មទេសចរណ៍ ការអភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិត ការចូលរួមការពារ និងអភិរក្សសម្បត្តិវប្បធម៌ធម្មជាតិ និងប្រពៃណីទំនៀមទំលាប់ខ្មែរ។

២-ត្រូវបង្កើនការវិនិយោគ លើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍទេសចរណ៍ ស្របតាមចក្ខុវិស័យឆ្ពោះទៅគោលដៅអនាគតនៃទេសចរណ៍កម្ពុជា ស្អាត បៃតង និងចីរភាព។ ក្នុងបរិការណ៍នេះ សូមក្រសួងទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនជំរុញការអនុវត្តស្តង់ដារសណ្ឋាគារបៃតង អាស៊ាន និងឈានទៅបង្កើតស្តង់ដារបៃតងសម្រាប់សេវាទេសចរណ៍នានា សំដៅចូលរួមសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

៣-ត្រូវបង្កើនការវិនិយោគដើម្បីវិបុលភាពរួម តាមរយៈការជំរុញបរិវត្តកម្មឌីជីថល នវានុវត្តន៍ និងសហគ្រិនភាព ក៏ដូចជាការបង្កើនការទាញយកផលប្រយោជន៍ជាអតិបរមាពីវិស័យទេសចរណ៍។ ការណ៍នេះ យើងត្រូវធ្វើយ៉ាងណាធានាឱ្យបាននូវបរិយាបន្នក្នុងការបែងចែកផលប្រយោជន៍ពីការអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈភាពជាដៃគូចតុភាគី រដ្ឋ-ឯកជន-ប្រជាពលរដ្ឋ-ដៃគូអភិវឌ្ឍ និងគាំទ្រដល់សកម្មភាពធុរកិច្ច សហគ្រាស មីក្រូ តូចនិងមធ្យម និងបុគ្គលបម្រើការងារក្នុងសេវា ទេសចរណ៏នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

៤-បន្តជំរុញចលនាទេសចរផ្ទៃក្នុងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត តាមរយៈការជំរុញការអនុវត្តយុទ្ធនាការ -ឆ្នាំទស្សនាកម្ពុជា ២០២៣- យុទ្ធនាការ «ទស្សនាស្រុកយើង ក្រោមស្មារតី -ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី យុទ្ធនាការផ្សព្វផ្សាយក្រោមគុណតម្លៃ “ភាពជាខ្មែរ» និងយុទ្ធនាការទេសចរណ៍ ដទៃទៀត។ ក្នុងន័យនេះ លោកស្រីសូមកោតសរសើរដល់ក្រសួងទេសចរណ៍ ដែលកន្លងមក បានអនុវត្តប្រកបដោយជោគជ័យនូវវិធានការគោលនយោបាយជំរុញទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣។

៥-ស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍក្នុងវិស័យទេសចរណ៏ទាំងអស់ ផ្តល់កិច្ចសហការ និងជួយគាំទ្រក្រសួងទេសចរណ៍លើគ្រប់រូបភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការវិវត្តរបស់វិស័យទេសចរណ៍កម្ពុជា និងជំរុញវិស័យនេះឱ្យកាន់មានភាពរស់រវើក ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្នក្នុងគោលដៅបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកិត្តិនាមកម្ពុជា ផ្សព្វផ្សាយភាពទាក់ទាញ ទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារទេសចរណ៏សំខាន់ៗ អភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយ នវានុវត្តន៍ ភាពច្នៃប្រឌិត ព្រមទាំងអភិវឌ្ឍធនធាននិងគោលដៅទាក់ទាញទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែងខ្ពស់។

លើសពីនោះ លោកស្រីអភិបាលខេត្តសូមជូនពរឱ្យការរៀបចំ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង ដែលនឹងប្រព្រឹត្តទៅជាផ្លូវការនៅទីក្រុងវីយ៉ាដ ប្រទេស អារ៉ាប៊ីសាអូឌីត ប្រកបដោយភាពជោគជ័យយ៉ាងត្រចះត្រចង់៕