កោះកុង÷ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោក ម៉ូត សាណា នាយកកម្មវិធី Save the Children ជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងការអនុវត្តគម្រោងថ្មី នៅក្នុងខេត្តកោះកុង។
លោកជំទាវអភិបាលខេត្ត បានលើកឡើងថា លោកស្រីពិតជាមានសេចក្តីរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមាន ក្រុមការងារអង្គការ Save the Children ដែលបានមកជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងការអនុវត្តគម្រោង ថ្មីរបស់អង្គការ។ ក្នុងនាម រដ្ឋបាលខេត្ត លោកជំទាវសូមសម្តែងនូវការកោតសរសើរ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ ដែលមានបំណងអនុវត្តសកម្មភាពមនុស្សធម៌ក្នុងខេត្តកោះកុង។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានត្រៀមក្នុងការផ្តល់កិច្ចសហការជាមួយអង្គការដៃគូទាំងអស់នូវរាល់សកម្មភាពទាំងឡាយណា ដែលជាគោលដៅបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍សង្គមជាតិរបស់យើង។ ជាការពិតណាស់ ការងារគ្រប់គ្រងគ្រោះមហន្តរាយ មិនអាចបុគ្គលណាម្នាក់ ឬស្ថាប័នណាមួយតែឯកឯង អាចធ្វើការងារនេះប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពបាននោះទេ ប្រសិនបើគ្មានការចូលរួមពីភាគីពាក់ព័ន្ធ។ ដូចនេះ លោកស្រីសង្ឃឹមយ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ នឹងបន្តចូលរួមស្វែងរកយុទ្ធសាស្ត្រ និងដំណោះស្រាយរួម ប្រកបដោយប្រសិទ្ធភាព និងបង្កើននូវកិច្ចសហការគ្នាក្នុងការឆ្លើយតបទៅនឹងបញ្ហាការគ្រប់គ្រង និងការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ៕