(ត្បូងឃ្មុំ) ៖ ដើម្បីទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឡាក់ អ៊េងវន ព្រមទាំងក្រុមគ្រួសារ និងអភិបាលរងខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តទីបត្យារាម (ហៅវត្តកោះត្រែង) នៅលើកោះពីរ ស្ថិតនៅភូមិជួរកណ្តាល ឃុំកោះត្រែង ស្រុកក្រូចឆ្មារ។
ក្នុងពិធីនេះ ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តត្បូងឃ្មុំ និងពុទ្ធបរិស័ទទាំងអស់ដែលបានចូលរួមកាន់បិណ្ឌវេនទី៨ នៅទីអារាមមួយនេះ បានអុជធូបបួងសួងសុំសេចក្តីសុខ និងប្រតិបត្តិពិធីសាសនា ដោយព្រះសង្ឃសម្តែងធម៍ទេសនា នមស្សការព្រះរតនត្រៃសមាទានសីល ព្រមទាំងរាប់បាត្រ ដើម្បីទទួលយកធម្មទាន និងទទួលបានសេចក្តីសុខសេចក្តីចម្រើន ជាទីជ្រះថ្លាបំផុត។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានប្រសាសន៍សំណេះសំណាលលើកឡើងថា ក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាឆ្នាំនេះ ក៏ដូចបណ្តាឆ្នាំកន្លងមក រដ្ឋបាលខេត្ត រួមជាមួយមន្ត្រីអ្នកមុខអ្នកការ តែងតែមានសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា បាននាំមកនូវទេយ្យទាន និងថវិកា ដើម្បីចូលរួមក្នុងកម្មវិធីផ្សេងៗមិនដែលខកខាននោះឡើយ។
ជាក់ស្តែងថ្ងៃនេះ រដ្ឋបាលខេត្ត បានបន្តចូលរួមកាន់បិណ្ឌ នៅតាមបណ្តាវត្តអារាមមិនដាច់នោះឡើយ ក្នុងគោលបំណងចូលរួមផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ដែលមានរយៈពេល ៣ខែ ចាប់ពីថ្ងៃចូលព្រះវស្សា រហូតដល់ថ្ងៃចេញព្រះវស្សា និងសមណសិស្សកំពុងសិក្សាក្នុងទីវត្តអារាមផងដែរ។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកន្លងមកជឿជាក់មកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជួយផ្សព្វផ្សាយនូវគោលនយោបាយ និងមាគ៌ាដ៏ត្រឹមត្រូវក្នុងការអភិវឌ្ឍរីកចម្រើន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល បច្ចុប្បន្នគឺបន្តអនុវត្តតាមគោលនយោបាយពីអាណ្ត្តិទី ៦ ក្រោមការដឹករបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងអាណត្តិទី ៧ នៃរដ្ឋសភា ក្នុងដឹកនាំប្រទេស អោយមានរីចម្រើនបន្ថែមទៀត។
ដើម្បីបង្កើនបរិយាកាសសប្បាយរីករាយចលនាទេសចរណ៍ ក្នុងរដូវភ្ជុំបិណ្ឌនេះ ក៏ដូចជាអបអរសាទរពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញចូលរួមឲ្យបានច្រើនកុះករ ទស្សនាកម្សាន្តសប្បាយដោយសេរីក្រោមម្លប់សុខសន្តិភាព នូវព្រឹត្តការណ៍ដែលរដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំឡើងនៅបរិវេណអាងទឹកសោភ័ណ ស្ថិតនៅទីរួមខេត្តត្បូងឃ្មុំ។
ព្រឹត្តិការណ៍នេះ មានរយៈពេល០៧ថ្ងៃ ក្នុងនោះចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ មានការតាំងពិពរណ៍បង្ហាញទំនិញភូមិ១ផលិត១, ថ្ងៃ១៤ និង១៥ ខែតុលា បន្ថែមដោយការប្រគុំតន្រ្តីខ្នាតយក្ស ការសម្តែងសិល្បៈនានា ជាពិសេសនៅថ្ងៃទី១៥ ខែតុលា បន្ថែមនូវការប្រណាំងទូកខ្នាតអន្តរជាតិ ទូកត្នោត ខ្ទះត្នោត ប្រមាណ៤០គូ ហើយមានការបណ្តែតប្រទីប បង្ហោះគោម និងបាញ់កាំជ្រួចចម្រុះពណ៍យ៉ាងស្រស់ស្អាតពាសពេញផ្ទៃមេឃ នាពេលរាត្រីផងដែរ៕