(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលត្បូងឃ្មុំ បានអំពាវនាវឲ្យលោកតាលោកយាយបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចង់ចាំពាក្យ«អរគុណសន្តិភាព» ដកជាប់ក្នុងបេះដូងជានិច្ច ព្រោះថាបើគ្មានសុខសន្តិភាពនោះទេ ប្រទេសជាតិវឹកវរ អសន្តិសុខ មានសង្គ្រាម ពិតជាមិនអាចជួបជុំធ្វើបុណ្យតាមទីអារាមដូចនាពេលនេះ បាននោះឡើយ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍បែបនេះនាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឳកាសឯកឧត្តមបណ្ឌិត និងលោកជំទាវ ម៉េង វ៉ាន់ដានីន រួមទាំងក្រុមគ្រួសារ ព្រមទាំងអភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ និងនាំយកទេយ្យទានទេយ្យវត្ថុ ព្រមទាំងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តវិហារទន្ទឹម ស្ថិតក្នុងក្រុងសួង ដើម្បីបន្តទ្រទ្រង់វិស័យព្រះពុទ្ធសាសនា។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានសូមឲ្យបងប្អូនប្រជាពលរដ្ឋលោកតាលោកយាយ ជឿជាក់នូវការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ព្រមទាំងរដ្ឋបាលខេត្ត រដ្ឋបាលស្រុក រហូតដល់ឃុំ-សង្កាត់។
ដោយសទ្ធាជ្រះថ្លា ថ្នាក់ដឹកនាំខេត្តនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃខេត្តត្បូងឃ្មុំ បានធ្វើការរាប់បាត្រឧទ្ទិសកុសល្យផលបុណ្យ ជូនដល់ញាតិកាលទាំង០៧សន្តាន និងដួងព្រលឹងយុទ្ធជនយុទ្ធនារីទាំងអស់ដែលបានពលីកម្ម បូជាសាច់ស្រស់ឈាមស្រស់ វាយរំដោះការពារទឹកដី នាំយកនូវសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជា។
ជាមួយគ្នានោះ ដើម្បីចូលរួមចំណែកនិងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ បាននាំយកនូវទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យមកប្រគល់ជូនវត្តវិហារទន្ទឹម រួមមាន អង្ករ ១តោន មី ១០កេស ត្រីខកំប៉ុង ៣កេស ទឹកវីតាល ៥០កេស សាដក ២៧ប្រអប់ បច្ច័យ ព្រះសង្ឃ ១អង្គ ៧០,០០០៛(៧ម៉ឺនរៀល) ទឹកត្រី ១០យួរ ទឹកស៊ីអៀវ ១០យួរ ស្ករស ០១បេ ទឹកក្រូច ១០កេស និងសរុបបច្ច័យចំនួន១០,០០០០០០៛(១០លានរៀល)។
ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ក៏បានចែកថវិកាជូនដល់លោកតាលោកយាយចំណុះជើងវត្ត ក៏ដូចជាកុមារាកុមារី ដោយបេះដូងកក់ក្តៅបំផុត នៅទីអារាមមួយនេះផងដែរ៕