ខេត្តប៉ៃលិន ៖ អភិបាលខេត្តប៉ៃលិនលោកជំទាវ បាន ស្រីមុំ បានណែនាំដល់គ្រប់ស្ថាប័នរដ្ឋ ឯកជន រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាព ជុំវិញរដ្ឋបាលខេត្តប៉ៃលិន រោងចក្រ សហគ្រាស ក្រុមហ៊ុន សាលារៀន មន្ទីរពេទ្យ វត្តអារាម វិហារសាសនា និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត រួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នាវេលាម៉ោង ០៧ និង០០ព្រឹក នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈ សំខាន់ៗរួមមាន សាលាខេត្តប៉ៃលិន សាលាក្រុង-ស្រុក សាលារៀន មន្ទីរពេទ្យ គ្រប់វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំសហគមន៍នៅតាមភូមិឱ្យបានច្រើនកុះករ ខ្ញៀវខ្ញារ ប្រកបដោយសេចក្តីសប្បាយរីករាយ និងការសាទរចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។
លោកជំទាវអភិបាលខេត្ត បានណែនាំឱ្យគ្រប់រដ្ឋបាលក្រុង-ស្រុក ត្រូវណែនាំប្រជាពលរដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួន ឱ្យចងទង់ជាតិនៅគ្រប់ទីតាំង និងគ្រប់លំនៅឋាន៕