លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ទទួលជួបពិភាក្សាការងារ ជាមួយនិងលោកជំទាវ ដេវយ៉ានី ឃុប្រាហ្គាដេ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា ដើម្បីពិភាក្សា ស្ដីពីឱកាសនៃកិច្ចសហប្រតិបត្តិការសម្រាប់គម្រោងអភិវឌ្ឍន៍លើវិស័យផ្សេងៗលើទឹកដី ខេត្តកោះកុង ថ្ងៃអង្គារ ៤ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។
លោកជំទាវអភិបាលខេត្ត បានជម្រាបជូនអំពីស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ សក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងសក្តានុពលដ៏ទៃទៀត ព្រមទាំងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ជូនលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌបានជ្រាប។
ជាមួយគ្នានេះលោកជំទាវឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា កិច្ចទំនាក់ទំនង នៃប្រទេសយើងទាំងពីរ កើតមានតាំងពីយូរណាស់មកហើយ ឥណ្ឌាបានជួយកម្ពុជាច្រើនវិស័យ ហើយមកដល់ពេលនេះឥណ្ឌាក៏នៅតែបន្តជួយនិងសហប្រតិបត្តិការយ៉ាងជិតស្និត។ ហើយលោកជំទាវឯកអគ្គរដ្ឋទូត មានបំណងជួយខេត្តកោះកុង លើវិស័យ មួយចំនួននៅក្នុងតំបន់ដាច់ស្រយាល ដូចជាអប់រំ សុខភាព ទេសចរណ៍ និងកសិកម្ម ក្នុងទំហំទឹកប្រាក់៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ជាមួយគ្នានេះលោកជំទាវឯកអគ្គរដ្ឋទូតមានការចាប់អារម្មណ៍ខ្លាំងសម្រាប់វិនិយោគនៅខេត្តកោះកុង ដោយមានគោលបំណងចង់នាំអ្នកវិនិយោគ នៅប្រទេសឥណ្ឌាមកធ្វើវិនិយោគនៅខេត្តកោះកុង។
ដោយមើលឃើញថាស្ថានភាពភូមិសាស្ត្រខេត្តកោះកុង ស្រដៀងនឹងខេត្តមួយ នៅប្រទេសឥណ្ឌាលោកជំទាវឯកអគ្គរដ្ឋទូតចង់ចងសម្ព័ន្ធភាព រវាងខេត្តទាំងពីរ ដើម្បីផ្លាស់បទពិសោធន៍គ្នាទៅវិញទៅមក ពិសេសផ្តោតទៅលើផ្នែកកសិកម្ម និងទេសចរណ៍តែម្តង៕