អាមេរិក៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វូស៊ី បានលើកទឹកចិត្តឱ្យពលរដ្ឋអាមេរិកទាំងអស់ យល់ព្រមចាក់វ៉ាក់សាំងណាមួយក៏បាន ក្នុងចំណោមវ៉ាក់សាំងទាំង០៣ ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក ។
លោកវេជ្ជបណ្ឌិត ហ្វូស៊ី បានថ្លែងអំពាវនាវខាងលើនេះ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC កាលពីថ្ងៃអាទិត្យម្សិលមិញ ពោលគឺក្រោយពេលដែលវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន ចនសុន អ៊ែន ចនសុន (J&J) ត្រូវបានរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) អនុម័តឱ្យប្រើប្រាស់ក្នុងករណីបន្ទាន់ ដែលធ្វើឱ្យវាក្លាយជាវ៉ាក់សាំងទី ៣ ដែលទទួលបានការអនុញ្ញាតនៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីវ៉ាក់សាំងក្រុមហ៊ុន ភីហ្វីហ្សឺ-បាយអូអិនធិច និងក្រុមហ៊ុន ម៉ូឌែណា ។