មណ្ឌលគិរី៖ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ថង សាវុន អភិបាលខេត្តមមណ្ឌលគិរី បានដឹកនាំមន្រ្តីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យការសាងសង់ស្ពានអូរជីមៀត និងស្ថានភាពជំនន់ទឹកភ្លៀង ក្នុងភូមិសាស្រ្តស្រុកកោះញែក ដើម្បីឲ្យអាជ្ញាធររួមទាំងសមត្ថកិច្ចត្រៀមបង្ការការពារ ក្នុងស្ថានភាពគ្រោះធម្មជាតិ ដោយជំនន់ទឹកភ្លៀង ហក់ឡើងខ្លាំង ដោយសារទឹកភ្លៀងជាបន្តបន្ទាប់។
ឯកឧត្តមថង សាវុន មានប្រសាសន៍ថា ការសាងសង់ស្ពានបេតុង នៅអូរជីមៀតនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ និងជាច្រកចេញតែមួយគត់សម្រាប់អ្នកភូមិចេញចូលប្រកបកិច្ចការងារ របររកស៊ី ដឹកទំនិញ សិក្សានុសិស្សទៅរៀនសូត្រ និងផ្លូវទៅមន្ទីរពេទ្យជាដើម។ ប៉ុន្តែដោយអាកាសធាតុមានភ្លៀងធ្លាក់ជាប់ៗគ្នា ជាច្រើនថ្ងៃ បណ្តាលឲ្យទឹកក្នុងអូរជន់ឡើងខ្លាំង ទើបក្រុមការងារជំនាញ បានរៀបចំសង់ស្ពានដែក
បាឡេ ក្បែរការដ្ឋានសាងសង់ស្ពាន បេតុង ដើម្បីធានាដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដ្បិតការសង់ស្ពានថ្មថ្មីត្រូវការពេល វេលាយូរ និងជួបឧបសគ្គខ្លះ ព្រោះ តែបញ្ហាអាកាសធាតុ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរ រួមទាំងសមត្ថកិច្ចជំនាញ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មានអំពីសភាពការណ៍គ្រោះធម្មជាតិ ស្ថានភាពរបស់ប្រជាពល រដ្ឋត្រៀមមធ្យោបាយអន្តរាគមន៍បានទាន់ពេលវេលា ក្នុងករណីមានគ្រោះ មហន្តរាយកើតឡើងធ្ងន់ធ្ងរ ប៉ះ ពាល់ដល់ជីវភាពរស់នៅ និងអាយុ ជីវិតរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេស ប្រជាពលរដ្ឋរស់នៅតាមដងទន្លេស្រែពក អូរច្បារ អូរជីមៀត ក្នុងស្រុកកោះញែក និងតាមបណ្តាស្រុក ដែលមានបញ្ហាប្រឈមគ្រោះជំនន់ទឹកភ្លៀង ត្រូវមានស្មារតីប្រុង ប្រយ័ត្នខ្ពស់ ហើយត្រូវរក្សាអនាម័យក្នុងការរស់នៅផងដែរ។
សូមបញ្ជាក់ថា ក្នុងរយៈពេលជា ច្រើនថ្ងៃ ដែលភ្លៀងធ្លាក់ជាប់ៗគ្នាកន្លងមកនេះ នៅខេត្តមណ្ឌលគិរី បណ្តាលឲ្យបាក់ស្រុត កាត់ផ្តាច់កំណាត់ផ្លូវជាតិលេខ៧៦A ចំណុចអូរងើយ ក្នុងភូមិសាស្រ្តស្រុកអូររាំង មិនអាចធ្វើចរាចរណ៍បាន។ ដោយឡែក នៅតាមបណ្តាក្រុង/ស្រុកមួយចំនួន បានរងផលប៉ះ ពាល់នូវហេដ្ឋារចនាសម្ព័ន្ធ ផ្ទះ សម្បែងប្រជាពលរដ្ឋ និងខូចខាតដំណាំមួយចំនួន បណ្តាលមកពីជំនន់ទឹកភ្លៀង តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនោះទេ៕





