(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះ បានច្រានចោលការចុះផ្សាយលើបណ្តាញ សង្គមអំពីការបើកល្បែងស៊ីសងខុសច្បាប់ក្នុងភូមិសាស្ត្រឃុំដារ ស្រុកមេមត់
រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ចំពោះការផ្សព្វផ្សាយព័ត៌មានខាងលើនេះ គឺជាព័ត៌មានមិនពិតនោះឡើយ ដែលជាការប្រឌិតព័ត៌មាន ដើម្បីបង្អូចកេរ្តិ៍ឈ្មោះ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក្នុងគោលបំណងចង់បានផលប្រយោជន៍ផ្សេងៗណាមួយតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ចំពោះរូបភាពវីដេអូ ដែលបានចុះផ្សាយនោះគឺជារូបភាពវីដេអូចាស់ បានកាត់តដោយជនខិលខូច។ ម៉្យាងវិញទៀត ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចុះពិនិត្យដល់ទីតាំងជាក់ស្តែង គឺមិនមានដូចការបង្ហាញក្នុងរូបភាពវីដេអូនោះទេ។
កន្លងមកនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញលិខិតលេខ ០៤១/២២គបឯខ.តឃ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ជាបន្តបន្ទាប់ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ និង
រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសុវត្ថិភាពសង្គម ស្របតាមបទបញ្ជរបស់រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ និងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្តិភាព។
ដូចនេះ ករណីខាងលើ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានកំពុងស្រាវជ្រាវស្វែងរកចំពោះគ្រប់បុគ្គលរូបណាដែលផ្សព្វផ្សាយព័ត៌មានមិនពិតខាងលើនេះ ដើម្បីចាត់វិធានការតាមច្បាប់ធរមាន៕