កោះកុង៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានស្នើសុំដល់អ្នកទេសចរគ្រប់ជាតិសាសន៍ផ្អាកដំណើរកម្សាន្តទៅលេងនៅតំបន់ទេសចរណ៍ធម្មជាតិ ដែលងាយរងគ្រោះថ្នាក់អំឡុងពេលអាកាសធាតុប្រែប្រួល។
ការស្នើសុំរបស់លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងនៅពេលនេះ ធ្វើឡើងអំឡុងអញ្ជើញចែកអំណោយដល់ពលរដ្ឋ២២៤គ្រួសារ នៅស្រុកស្រែអំបិល រងគ្រោះដោយសារជំនន់ទឹកភ្លៀង កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣។
លោកជំទាវ មិថុនា ភូថង ក៏សម្តែងក្តីសោកស្តាយផងដែរពេលដឹង និងឃើញព័ត៌មាននៃការស្លាប់មនុស្សនៅខេត្តកំពត អំពីការទៅបោះតង់សម្រាកកម្សាន្ត នៅតាមស្ទឹងព្រែក។
ដោយឡែកលោក សុខ ច័ន្ទគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង ក៏បានបន្តជូនដំណឹងទៅកាន់ម្ចាស់តំបន់អេកូទេសចរណ៍ និងរមណីយដ្ឋាននានា អំពីការផ្អាកទទួលភ្ញៀវទេសចរណ៍ដែលមានបំណងចង់ទៅបោះតង់ ឬដើរលេងកម្សាន្តតាមព្រៃភ្នំផងដែរ។
លោកប្រធានមន្ទីរទេសចរណ៍ខេត្ត ដំណើរកម្សាន្តអំឡុងពេលរដូវវស្សាបែបនេះ វាមិនសូវជាល្អប៉ុន្មានទេចំពោះសុវត្ថិភាព ហើយងាយនឹងប្រឈមថ្នាក់ធម្មជាតិខ្លាំងណាស់។
ខេត្តកោះកុង មិនត្រឹមតែមានតំបន់ឆ្នេរសមុទ្រនោះទេ ក៏មានតំបន់អេកូទេសចរធម្មជាតិជាច្រើនបែបផ្សងព្រេង រួមមាន៖ ទឹកជ្រោះហូរ ទេសភាពបែតងនៃព្រៃភ្នំក្រំថ្ម និងដែនកោះ៕




