តាមផែនការសម្រាប់ឆ្នាំ២០២១នេះ ការសាងសង់គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបទាំងមូលគ្រោងនឹងសម្រេចឲ្យបានប្រមាណជា៦៧ភាគរយ។ នេះបើតាមការបង្ហើបឱ្យដឹងពីអ្នកជំនាញនៃក្រុមការងារចិន ដែលកំពុងប្រតិបត្តិការនៅការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប។
អ្នកជំនាញបានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២១នេះ ការសាងសង់ស្ថានីយអ្នកដំណើរគ្រោងនឹងសម្រេចឲ្យបាន៧៨ ភាគរយ ការកសាងតំបន់ហោះហើរគ្រោងនឹងសម្រេចឲ្យបាន៤៥ភាគរយ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធទូទៅរបស់អាកាសយានដ្ឋានគ្រោងនឹងសម្រេចឲ្យបាន៥០ភាគរយ។
ចាប់តាំងពីដំណើរការការដ្ឋានសាងសង់ស្ថានីយអ្នកដំណើរ កាលពីពាក់កណ្តាលខែមីនាឆ្នាំ២០២០ មកដល់ចុងឆ្នាំ ២០២០ គឺសម្រេចបាន១៥ភាគរយ ចំណែកការសាងសង់តំបន់ហោះហើរដែលចាប់ផ្តើមការដ្ឋាននាពាក់កណ្តាលខែតុលា មកដល់ចុងឆ្នាំ២០២០ដូចគ្នា សម្រេចបានប្រមាណជា១០ភាគរយ។
ព្រលានយន្តហោះនេះមានផ្លូវរត់ប្រវែង៣,៦០០ម៉ែត្រ ទទឹង៤៥ម៉ែត្រ មាន៣៨ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយ៍អ្នកដំណើរជាង៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជា៧លាននាក់។