ដូណាល់ ត្រាំ ព្រលយ​ឈរឈ្មោះប្រធានាធិបតីឆ្នាំ២០២៤ តែទាត់ចោលរឿងបង្កើតបក្សថ្មី

លោក ដូណាល់ ត្រាំ ​គ្មាន​ផែន​ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ទេ​ដោយ​​បាន​ប្រាប់​ក្នុង​សន្និសិទ​អភិរក្ស​​ក្នុង​រដ្ឋ​ហ្លរីដា​ថា វា​នឹង​ធ្វើ​ឲ្យ​បែក​សំឡេង​ឆ្នោត​គណបក្ស​សាធារណៈ​ទៅ​វិញ។

ក្នុង​សុន្ទរកថាលើក​ដំបូង ចាប់​តាំង​ពី​ចាញ់​ឆ្នោត​លោក​ប្រធានាធិបតី​ ចូ បៃដិន​ លោក ដូណាល់ ត្រាំ បាន​​បង្ហើប​ថា លោក​អាច​នឹង​ឈរ​ឈ្មោះ​ដើម្បី​តំណែង​ប្រធានាធិបតី​ទៀត​នៅ​ឆ្នាំ​២០២៤។


លោក ត្រាំ បាន​រិះ​គន់​យ៉ាង​ចាស់​ដៃ​អំពី​អ្នក​​បន្ត​វេន​ថ្មី​របស់លោក​​ ដោយ​បាន​និយាយ​ថា គោលនយោបាយ​​សហរដ្ឋ​អាមេរិក​បាន​ចេញពី«​អាមេរិក​ដំបូង ទៅ អាមេរិក​ចុង​ក្រោយ។​

អតីត​ប្រធានាធិបតី​​រូប​នេះ​នៅ​ជាប់​បំរាម​ពី​ការ​ប្រើ​ប្រាស់​បណ្តាញ​ទំនាក់​ទំនង​សង្គម​ដូច​ជា Facebook និង​ Twitter ​ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កុបកម្ម​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​កាល​ពី​ខែ​មករា។

ក្នុង​សន្និសីទ​នោះ លោក ត្រាំ បាន​និយាយ​ថា ៖«យើង​ជួប​ជុំ​គ្នា​រសៀល​នេះ​ដើម្បី​និយាយ​ពី​អនាគត គឺ​និយាយ​ពី​អនាគតរបស់​យើង។​ និយាយ​ពី​អនាគតគណបក្ស​​របស់​យើង និងនិយាយ​ពី​​អនាគត​ប្រទេស​ជាតិ​ជា​ទី​ស្រឡាញ់​របស់​យើង»

លោក​បាន​ច្រាន​ចោល​​ពាក្យ​ចចាម​អារ៉ាម​​ដែល​បាន​កើត​មាន​ថា លោក​ប្រហែល​ជា​បង្កើត​គណបក្ស​នយោបាយ​ថ្មី។

Leave a Reply