ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បាននិយាយថា សហរដ្ឋអាមេរិកកំពុងត្រៀមវិធានការថ្មីប្រឆាំងនឹងមីយ៉ាន់ម៉ាទាក់ទងនឹងអំពើហិង្សាក្នុងពេលបាតុកម្មថ្មីៗនេះ ។
លោក Sullivan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យថា “យើងនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត និងដៃគូនានានៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងនៅជុំវិញពិភពលោកដើម្បីទទួលខុសត្រូវចំពោះអំពើហិង្សា និងរដ្ឋប្រហារថ្មីៗនេះ និងត្រូវពង្រឹងការគាំទ្ររបស់យើងចំពោះប្រជាជនភូមា” ។
បើយោងតាមការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ យ៉ាងហោចណាស់មនុស្ស ១៨ នាក់បានស្លាប់នៅទូទាំងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យក្នុងពេលមានការប៉ះទង្គិចគ្នារវាងប៉ូលិស និងក្រុមអ្នកតវ៉ា ។
ទន្ទឹមនោះរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានថ្កោលទោសចំពោះអំពើហិង្សាមកលើក្រុមអ្នកតវ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យ ។