លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯឧត្តម ឧត្តមសេនីយ៍ឯក គង់ ទីលីន អគ្គាធិការរង នៃអគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ក្នុងពិធីបិទនៃការធ្វើអធិការកិច្ច លើការអនុវត្តសេចក្តីជូនដំណឹង និងលិខិតបទដ្ឋាននានា របស់ក្រសួងមហាផ្ទៃ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងស្នងការដ្ឋាននគរបាលខេត្តកោះកុង។
លោកជំទាវអភិបាលខេត្ត បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួម ក្នុងពិធីបិទការធ្វើអធិការកិច្ច លើការអនុវត្តសេចក្តីជូនដំណឹង លិខិតបទដ្ឋាននានា របស់ក្រសួងមហាផ្ទៃ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងស្នងការដ្ឋាននគរបាលខេត្តកោះកុង នាពេលនេះ។
លោកជំទាវអភិបាលខេត្ត សូមថ្លែងអំណរគុណចំពោះយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក គង់ ទីលីន អគ្គាធិការរង នៃអគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ព្រមទាំងសហការីទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃ បានអញ្ជើញបំពេញបេសកកម្ម នៅរដ្ឋបាលខេត្តកោះកុង និងស្នងការនគរបាលខេត្តកោះកុង ដើម្បីធ្វើអធិការកិច្ច និងវាយតម្លៃលើការអនុវត្តសេចក្តីជូនដំណឹង និងលិខិតបទដ្ឋាននានា របស់ក្រសួងមហាផ្ទៃ ដែលបានបញ្ជូនឱ្យអនុវត្តកន្លងមក ។ ជាពិសេសសំណើសូមអន្តរាគមន៍ ពាក្យបណ្តឹង និងតាមការបញ្ចេញមតិយោបល់របស់សាធារណជន ក្នុងទំព័រហ្វេសបុក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានចុះផ្សាយស្នើសូមអន្តរាគមន៍ និងផ្ញើសារអំពីបាតុភាពអសកម្ម ក្នុងការអនុវត្តតួនាទី ភារកិច្ច របស់មន្ត្រីរាជការ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គាធិការរង នាកន្លងមករដ្ឋបាលខេត្ត និងស្នងការនគរបាលខេត្តកោះកុង ក៏បានទទួលនូវសេចក្តីជូនដំណឹង និងលិខិតបទដ្ឋាននានា របស់ក្រសួងមហាផ្ទៃ ដើម្បីសមត្ថកិច្ចពាក់ព័ន្ធ ពិនិត្យ និងដោះស្រាយ រួចធ្វើសេចក្តីរាយការណ៍ ជាលាយលក្ខណ៍អក្សរ ជូនក្រសួងមហាផ្ទៃ ។
ឯកឧត្តម ប្រធានប្រតិភូ តាមរយៈការចុះធ្វើអធិការកិច្ច និងវាយតម្លៃ នៅតាមទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត និងស្នងការដ្ឋាននគរបាលខេត្ត លើការអនុវត្ត សេចក្តីជូនដំណឹង និងលិខិតបទដ្ឋាននានា របស់ក្រសួងមហាផ្ទៃ ពិតជាមានភាពខ្វះខាតមួយចំនួន ដែលមិនទាន់សមស្រប ទៅនឹងគោលការណ៍ និងសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ដែលប្រតិភូបានរកឃើញ ។
ក្នុងនាមថ្នាក់ដឹកនាំខេត្ត ខ្ញុំនឹងជម្រុញ ការអនុវត្តតួនាទី ភារកិច្ច របស់ទីចាត់ការ អង្គភាព និងសមត្ថកិច្ចដែលពាក់ព័ន្ធ ក្នុងការដោះស្រាយ រាល់សំណើសូមអន្តរាគមន៍ ពាក្យបណ្តឹង និងតាមការបញ្ចេញមតិយោបល់របស់សាធារណជន ក្នុងទំព័រហ្វេសបុក សម្តេចក្រឡាហោម ស ខេង ជាបន្តទៅទៀត ព្រមទាំងធ្វើការសេចក្តីរាយការណ៍ ជាលាយលក្ខណ៍អក្សរ ជូនក្រសួងមហាផ្ទៃ ជាប្រចាំផងដែរ ដើម្បីឆ្លើយតប និងតម្រូវការ សំណូមពរ របស់ប្រជាពលរដ្ឋ មន្ត្រីរាជការ នៅក្នុងមូលដ្ឋានខេត្តកោះកុងទាំងមូល ព្រមទាំងធ្វើការដោះស្រាយ អន្តរាគមន៍ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។
ជាទីបញ្ចប់ នាងខ្ញុំសូមគោរពថ្លែងអំណរគុណ ឯកឧត្តម ឧត្តមសេនីយ៍ឯក គង់ ទីលីន អគ្គាធិការរង នៃអគ្គាធិការរង សហការី លោក លោកស្រី សូមទទួលបាននូវសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងសូមឱ្យការធ្វើដំណើរនិវត្ត ប្រកបដោយសុខសុវត្ថិភាព និងទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ថ្ងៃសុក្រ ១២ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣