អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ១ខ្សែរ ក្នុងស្រុកសាលាក្រៅ

ប៉ៃលិន៖ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ១ខ្សែរ ប្រវែងជាង ៤គីឡូម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៥៩ ត្រង់រង្វង់មូលឃុំអូរអណ្តូង ស្រុកសាលាក្រៅ ឆ្ពោះទៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សមកសាលារៀន។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវ ១ខ្សែរនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរទៅសាលារៀន។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានា ដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម។
ក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ សូមមេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការស្ថាបនាផ្លូវនេះឱ្យបានឆាប់រហ័សទៅតាមផែនការគ្រោងទុក ១០០% ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង។
បើតាមការបញ្ជាក់ពីលោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានឱ្យដឹងថា៖ ផ្លូវលេខ១៥.៩៣ ដែលកំពុងស្ថាបនានេះ មានប្រវែង ៤,១៥០ ម៉ែត្រ ទទឹង៧ ម៉ែត្រ ក្រាលកៅស៊ូប្រភេទ DBST ក្នុងនោះសាងសង់លូប្រអប់កាត់ទទឹងថ្នល់មុខមួយប្រវែង ១២ម៉ែត្រ ចំនួន០១កន្លែង សាងសង់លូមូលកាត់ទទឹងថ្នល់មុខ២ អង្កត់ផ្ទិត ១ម ប្រវែង ១២ម ចំនួន ០៤ កន្លែង សាងសង់លូមូលកាត់ទទឹងថ្នល់មុខ១ អង្កត់ផ្ចិត ១ម ប្រវែង ១២ម ចំនួន ០១ កន្លែង សាងសង់ប្រឡាយបេតុង រាងចតុកោណព្នាយ ប្រវែង ១៦៣ម សាងសង់លូមូលរំដោះទឹកមុខ២ អង្កត់ផ្ចិត ១ម ប្រវែង ៥០ម សាងសង់លូមូលរំដោះទឹកមុខមួយ អង្កត់ផ្ចិត ១ម ប្រវែង ៤៣ម និងសាងសង់អណ្តូងលូ ចំនួន ០៤ កន្លែង។

 

Leave a Reply