អាមេរិក៖ ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ លោក ខ្យ៉ ម៉ូ ទុនជួសមុខឲ្យរដ្ឋាភិបាលស៊ីវិល ដែលត្រូវបានទម្លាក់ពីអំណាច ដោយសារការធ្វើរដ្ឋប្រហាររបស់យោធាកាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ បានអំពាវនាវអោយអង្គការសហប្រជាជាតិចាត់វិធានការចាំបាច់នានាប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា ទើបអាចស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញអោយប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។
ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិរូបនេះ បានគូសបញ្ជាក់ថា យើងត្រូវការការចេញសកម្មភាពខ្លាំងៗបំផុតថែមទៀត ពីសំណាក់សហគមន៍អន្តរជាតិ ដើម្បីបិទបញ្ចប់ទៅវិញជាបន្ទាន់នូវការធ្វើរដ្ឋប្រហារយោធា ព្រមទាំងដើម្បីបញ្ចប់ការគាបសង្កត់ជនស្លូតត្រង់ ហើយប្រគល់រដ្ឋអំណាចឲ្យទៅប្រជាជនមីយ៉ាន់ម៉ា និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ។