អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាភូមិកំពង់ចម្លងក្រោម ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ត្រូវបាន​កាត់​ខ្សែបូរណ៍សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ ស្ថិតក្រោមអធិបតី​ភាព ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន

ប៉ៃលិន៖ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ត្រូវបាន​កាត់​ខ្សែបូរណ៍សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ ស្ថិតក្រោមអធិបតី​ភាព ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន ។

នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានមាន​ប្រសាសន៍ធ្វើការវាយតម្លៃខ្ពស់ចំពោះស្មារតីរបស់ក្រុមការងារចុះជួយបក្សភូមិកំពង់ចម្លងក្រោម និងក្រុមការងារចុះជួយ​បក្ស​​ឃុំសាលាក្រៅ ដែលបានចូលរួមសហការសាងសង់ ទីស្នាក់ការគណបក្សដ៏ថ្មីស្រឡាងនេះឡើង ប្រកបដោយឆន្ទៈ និងទិសដៅយូរអង្វែង ជាពិសេសបានឆ្លុះបញ្ចាំងពីភាពរឹងមាំ និងការរួមរួបសាមគ្គីរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិក​គណបក្ស​គ្រប់ជាន់ថ្នាក់ ព្រមទាំងជាបង្អែកសម្រាប់ជាតិ និងប្រជាជន ។

ឯកឧត្តម ប្រធានក្រុមការងារ បានមានប្រសាសន៍បញ្ជាក់ថា៖ ការបង្ហាញពីសាមគ្គីភាពនៃសមាជិក សមាជិកា គណបក្ស សប្បុរសជន និងប្រជាពលរដ្ឋ ដែលជឿទុកចិត្ត ផ្ដល់ការគាំទ្រជារៀងរហូតជូន សម្ដេចតេជោ ហ៊ុន សែន និង​តែងតែបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ទាំងការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺដើម្បីផ្តល់លទ្ធ​ភាព​អោយគណបក្សប្រជាជនកម្ពុជា បន្ដបំពេញកាតព្វកិច្ចបម្រើប្រជាជន និងអភិវឌ្ឍប្រទេសឲ្យកាន់តែសម្បូរសប្បាយ និង​រីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត  ។

ជាមួយនឹងការអបអរសាទរការសម្ពោធអគារទីស្នាក់ការបក្សថ្មីនេះ ឯកឧត្តម អ៊ី ឈាន ក៏បានមានប្រសាសន៍​លើក​ឡើងអំពីប្រវត្តិស្នាដៃ ការតស៊ូ និងកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស បានជួយសង្គ្រោះអាយុជីវិតប្រជាជន នាំមកនូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ ប្រជាជន​​រស់​នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្ត និងមានការអភិវឌ្ឍជឿនលឿនលើគ្រប់វិស័យ ហើយកន្លងទៅថ្មីៗនេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល កម្ពុជាបានទទួលនូវជោគជ័យធំៗ ជាប្រវត្តិសាស្ត្រ​ជា​ច្រើន ជាអាទិ៍ភាពជោគជ័យនៃការប្រយុទ្ធទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី​៤០-៤១ ការរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ និងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡា​អាស៊ីអាគ្នេយ៍លើកទី៣២ និងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ផងដែរ។

បើតាមរបាយការណ៍របស់លោក ប៉ូច សាអែម ប្រធានក្រុមការងារចុះជួយភូមិកំពង់ចម្លងក្រោម បានអោយដឹង​ថា៖ អគារទីស្នាក់ការបក្សដែលបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនេះពេលនេះ គឺបានចំណាយថវិកាសាងសង់​ចំនួន ៣៥,៤៥០$ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ដោយមាន ទំហំ ៨ម x ១៥ម ស្មើនឹង ១២០ម២ សាងសង់លើផ្ទៃដីទំហំ ២០ម x ៦០ម ស្មើនឹង ១,២០០ម២ ដែលមានបន្ទប់ទឹកចំនួន ០២ បន្ទប់ ធ្វើរបងព័ទ្ធ​ជុំវិញ​ដី​ស្នាក់ការប្រវែង ១៦០ម និងមានក្លោងទ្វារចំនួន ០១ ព្រមទាំងបានបំពាក់បរិក្ខាក្នុងអគារមាន​ដូចជា៖ ម៉ាស៊ីនត្រជាក់ចំនួន ០៣ គ្រឿង កង្ហាបញ្ឍរចំនួន ០៣ គ្រឿង កៅអីចំនួន ១៤០ គ្រឿង តុគណៈអធិបតីចំនួន ១ គ្រឿង កៅអីគណៈអធិបតីចំនួន ១ គ្រឿង និងដងទង់ជាតិ ទង់បក្ស សរុប ៦ ដើម មានផ្ទាំងបិទហ្វុងអក្សរចំនួន ០១ ផ្ទាំង បានតបណ្តាញអគ្គីសនីទ្រីហ្វាសម្រាប់ប្រើប្រាស់ក្នុងអគាររួចរាល់ ខួងអណ្តូងទឹក ០១ អណ្តូង និងបានជីកស្រះទឹកទំហំ ១០ម x ៣៥ម ជំរៅ ៤ម ផងដែរ ។