ឯកឧត្តម អ៊ី ឈាន អញ្ជើញអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា និងបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន

ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជ​រដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធី​អបអរ​សាទរ​​ខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា និងពិធីបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជន​កម្ពុជា​ខេត្ត​ប៉ៃលិន ចំនួន ១១៥៨នាក់

ប៉ៃលិន៖ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជ​រដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធី​អបអរ​សាទរ​​ខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា និងពិធីបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជន​កម្ពុជា​ខេត្ត​ប៉ៃលិន ចំនួន ១១៥៨នាក់ ។

នាឱកាសនោះដែរ ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ ក៏បាននាំមកនូវការផ្តាំផ្ញើសាក​សួរសុខ​ទុក្ខ និងក្តីនឹករឭក ក្នុង​មនោ​សញ្ចេតនាស្រឡាញ់យកចិត្តទុកដាក់ ប្រកបដោយភាពកក់ក្តៅពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ និងក៏សូមយកឱកាសនេះ លំឱនកាយគោរព​ចំពោះ​វិញ្ញាណក្ខន្ធ​របស់យុទ្ធជន យុទ្ធនារី និងប្រជាជនកម្ពុជា ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និង​ប្រជាជន ហើយ​ការលះ​បង់ និងគុណបំណាច់ដ៏មានតម្លៃធំធេងទាំងនេះ នឹងស្ថិតនៅក្នុងការចងចាំរបស់ប្រជាជន និង​យុវជន​កម្ពុជាគ្រប់ៗជំនាន់ ដោយមិនអាចបំភ្លេចបានទ្បើយ ។

ឯកឧត្តមរដ្ឋលេខាធិការ ក៍បានមានប្រសាសន៍ចូលរួមអបអរសាទរចំពោះការប្រារព្ធខួបលើកទី១៦ ទិវាអតីតយុទ្ធ​ជន​កម្ពុជា ២១ មិថុនា ព្រមជាមួយនឹងការបំពាក់គ្រឿងឥស្សរិយយសជូនដល់បងប្អូនអតីតយុទ្ធជន នៅខេត្តប៉ៃលិន ដើម្បី​រំឭកអំពីវីរភាព និងផ្តល់កិត្តិយសឱ្យស័ក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិ និងប្រជាជន ដោយនៅក្នុង​គ្រប់ដំណាក់កាលប្រវត្តិសាស្ត្រកន្លងមកនេះ បងប្អូនអតីតយុទ្ធជន បានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន និងប្រកបដោយ​ទឹក​ចិត្តស្នេហាជាតិ និងបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីប្តូរយកសន្តិភាព និងភាពសុខសាន្តជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា ។

ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍លើកឡើងថា៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងថ្នាក់​ដឹក​នាំគណបក្សប្រជាជនកម្ពុជា គឺជាអ្នកបញ្ចប់សង្គ្រាម និងប្រឆាំងសង្គ្រាម ដោយបានងើបតស៊ូរំដោះប្រទេសចេញពីរបប​ប្រល័យពូជសាសន៍ និងបានដាក់ចេញនូវនយោបាយឈ្នះឈ្នះ រហូតប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងភាព​សុខសាន្តសម្បូរសប្បាយរុងរឿង ដូចពេលបច្ចុប្បន្ន ដូចនេះសូមប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ត្រូវចងចាំនូវអតីតកាល ដែលជាតិខ្មែរធ្លាប់រងគ្រោះ ហើយត្រូវខិតខំធ្វើយ៉ាងដើម្បីដើរចៀសឱ្យផុតពីសង្គ្រាម និងជម្លោះបែកបាក់ ព្រមទាំងរួម​សាមគ្គី​គ្នាការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ ។