នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីកិច្ចសហការការងារសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣
លោកអភិបាលរងខេត្ត បានលើកឡើងថា សម្រាប់ពេលវេលា នៃយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលខាងមុខ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានត្រៀមរៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។ លោកបានបន្ថែមទៀតថា រដ្ឋបាលខេត្តក៏បានរៀបចំកែសម្រួលសេចក្តីសម្រេចស្តីពីលេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ខេត្ត សម្រាប់ការបោះឆ្ពោះចាប់ពីឆ្នាំ២០២២ដល់ឆ្នាំ២០២៤ និងសេចក្តីសម្រេចស្តីពីការបង្កើតក្រុមប្រចាំការអចិន្ត្រៃយ៍ជាសេនាធិការ ជូនលេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ខេត្តកោះកុង សម្រាប់ការបោះឆ្នោតផងដែរ ដើម្បីឱ្យការបោះឆ្នោតខាងមុខប្រកបដោយសេរី និងយុត្តិធម៌៕