ខេត្តកោះកុង៖ ថ្ងៃអាទិត្យ ៨ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខេត្តកោះកុង ព្រមទាំងលោក លោកស្រី អនុប្រធាន សមាជិក សមាជិកា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ដល់សិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត ខេត្តកោះកុង សរុបចំនួន ៤៥នាក់ និងបាននាំយកសម្ភារមួយចំនួនដូចជា កាបូប សៀវភៅ ប៊ិច និងថវិកាមួយចំនួនទៀត ដែលជាអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ចែកជូនសិស្ស-និស្សិតទុកជាវត្ថុអនុស្សាវរីយ៍ផងដែរ។
ក្នុងឱកាសនោះផងដែរ លោកប្រធានក្រុមការងារបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគម អ.ម.ត និងលោកជំទាវ ទៅដល់និស្សិត អ.ម.ត ទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីបញ្ចប់ការសិក្សាទទួលបានសញ្ញាបត្រ និងមានការងារល្អគ្រប់ៗគ្នា។
ទន្ទឹមនេះ លោកប្រធានក្រុមការងារ អ.ម.ត ខេត្តកោះកុង បានសួរសុខទុក្ខដល់និស្សិតអំពីការសិក្សា និងការរស់នៅ នៅពេលមានបញ្ហាផ្សេងៗ សូមទាក់ទងមកក្រុមការងារ ដើម្បីជួយដោះស្រាយ ហើយថែមទាំងផ្តល់ដំបូន្មាន និងចែករំលែកបទពិសោធន៍ដល់និស្សិត អ.ម.ត ក្នុងន័យជំរុញ និងលើកទឹកចិត្តប្អូនៗ ឱ្យខិតខំរៀន ដើម្បីជាទុនសម្រាប់កសាងសមត្ថភាពបន្ដទៅថ្ងៃអនាគត ព្រមទាំងជម្រុញឱ្យនិស្សិតចូលរួមការងារសង្គមឱ្យបានច្រើន។
ក្នុងនោះដែរលោកប្រធានក្រុមការងារគ្រប់គ្រងសិស្ស-និស្សិត អ.ម.ត ខេត្តកោះកុង បានជម្រុញឱ្យសិស្ស-និស្សិត ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ៕