ប៉ៃលិន៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាលជាមួយ ភ្នាក់ងារគណបក្សប្រជាជនកម្ពុជា ដើម្បីត្រៀមចូលរួមសង្កេតការណ៍បោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នេះ ។
លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្នុងអាណត្តិ ៥ឆ្នាំកន្លងទៅនេះ ប្រជាពលរដ្ឋទាំងអស់គ្នាបានរស់នៅជាមួយសុខសន្តិភាព ដែលកើតចេញពីការប្រឹងប្រែងកសាង និងអភិវឌ្ឍប្រទេសជាតិ នៃរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច ហ៊ុន សែន ជាប្រមុខ មានការអភិវឌ្ឍច្រើនណាស់ ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មណ្ឌលសុខភាព ផ្លូវ អណ្តូងទឹក ស្រះទឹក ប្រឡាយទឹក វត្តអារាម និងការគិតគូរដោះស្រាយទុក្ខលំបាកជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដែលទាំងអស់នេះ គឺជាមោទនភាពបំផុតរបស់ក្រុមការងារគ្រប់ជាន់ថ្នាក់ ដែលបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ។
លោកជំទាវប្រធានគណៈកម្មាធិការគណបក្សខេត្តប៉ៃលិន បានមានប្រសាសន៍បញ្ជាក់ថា៖ ក្នុងនាមជាភ្នាក់ងារសង្កេតការណ៍របស់គណបក្ស ត្រូវខិតខំធ្វើយ៉ាងណា ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនឲ្យបានល្អ និងត្រូវសង្កេតរាល់សកម្មភាពខុសច្បាប់របស់គណបក្សផ្សេង ក្នុងអំឡុងពេលឃោសនា និងបោះឆ្នោត ដោយធ្វើយ៉ាងណាឱ្យមានតម្លាភាព យុត្តិធម៌ ដែលប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ផ្តាំផ្ញើដល់អ្នកសង្កេតការណ៍បក្សទាំងអស់ នៅមុនថ្ងៃបោះឆ្នោត រយៈពេល ២ទៅ៣ថ្ងៃ ត្រូវថែទាំសុខភាពឱ្យបានល្អ ជាពិសេសការសេពគ្រឿងស្រវឹង ដើម្បីឱ្យសតិស្មារតីភ្លឺថ្លា ជៀសវាងកើតមានជំងឺរោគា និងត្រូវប្រុងប្រយ័ត្នខ្ពស់ ត្រៀមខ្លួនឈរឃ្លាំមើលប្រជាពលរដ្ឋចូលបោះឆ្នោត និងពិនិត្យមើលសន្លឹកឆ្នោតឱ្យបានល្អិតល្អន់ ជៀសវាងការលួចបន្លំពីគណបក្សនយោបាយមួយចំនួន និងត្រូវគោរពពេលវេលា ត្រៀមសម្ភារ: សម្រាប់កត់ត្រាការបោះឆ្នោត និងបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅតាមការិយាល័យទាំងអស់ ។