ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ចាម បានណែនាំដល់ប្រធានគណបក្សមូលដ្ឋាន ក៏ដូចជាក្រុមការងារស្នូល ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការចិញ្ចឹមចលនាសមាជិកបក្ស និងការជួយសម្របសម្រួលដល់សមាជិកបក្សរាល់ពេលពួកគាត់មានតម្រូវការ ឬមានសំណូមពរ និងជួបបញ្ហាផ្សេងៗ ជាពិសេសគឺត្រូវផ្សារភ្ជាប់ទៅនឹងការផ្ដល់-ទទួលសេវាសាធារណៈ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ។ ការថ្លែងបែបនេះក្នុងប្រកាសបញ្ចូលសមាជិកគណបក្សថ្មី ក្នុងក្រុងកំពង់ចាម និងអតីតសកម្មជនមកពីគណបក្សនយោបាយនានា ក្នុងខេត្តកំពង់ចាម សរុបចំនួន១៤០៩នាក់ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការងារដ៏សំខាន់ ដែលត្រូវបង្កើនការយកចិត្តទុកដាក់លើការធ្វើអំពើល្អដល់សមាជិកបក្សរបស់ខ្លួន រួមទាំងប្រជាពលរដ្ឋទូទៅ។ ពីព្រោះថា ប្រជាពលរដ្ឋខ្លះ ទោះបីមិនបានចូលជាសមាជិកបក្សប្រជាជន ប៉ុន្តែមិនមែនបានន័យថា ពួកគាត់មិនបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានោះទេ ដូច្នេះមន្ត្រីបក្សមូលដ្ឋាន ក៏ត្រូវធ្វើអំពើល្អដាក់ពួកគាត់ដូចគ្នា ។
ឯកឧត្តមប្រធានគណបក្សខេត្ត បានបន្តថា គណបក្សមូលដ្ឋាន ក៏ត្រូវត្រៀមឃោសនិក ដើម្បីបកស្រាយ អំពីគោលនយោបាយគណបក្ស ផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋ នៅតាមទីប្រជុំជននានា ហើយក៏ដើម្បីវាយបកទៅកាន់មជ្ឈដ្ឋានដែលវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជាវិញដែរ ។
ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា រាល់សកម្មភាពបក្សទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាងកម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងឈានមកដល់ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។
ជាមួយគ្នានោះ តំណាងសមាជិកថ្មី បានឡេីងធ្វើសច្ចាប្រណិធាន ប្តេជ្ញា ស្មោះត្រង់ ជឿជាក់ លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាអស់មួយជីវិត និងគោរព អនុវត្តតាមគោលការណ៍ គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជារៀងរហូតដោយឥតងាករេ ព្រមទាំងប្រមែរប្រមូលគៀគរកម្លាំង នាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខ ពិសេសប្ដេជ្ញាគាំទ្រ បេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅអាណត្តិនេះ និង អាណត្តិបន្តបន្ទាប់ និងប្តេជ្ញាគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ពេល អនាគត ។
គួរបញ្ជាក់ថា ពិធីបញ្ចូលសមាជិកថ្មីនេះ គឺមានយុវជនគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ក្នុងក្រុងកំពង់ចាម ចំនួន ១៣០៣នាក់ និងអតីតសកម្មជនមកពីគណបក្សនយោបាយនានា ក្នុងខេត្តកំពង់ចាម ចំនួន ១០៦នាក់ ដែលសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ៕