លទ្ធផលនៃការស្រាវជ្រាវ ២កន្លែង បានបង្ហាញឱ្យឃើញថា មេរោគក្លាយពូជរបស់វីរុសកូរ៉ូណាប្រភេទថ្មី ដែលរកឃើញនៅក្នុងទីក្រុងនីវយ៉ក ស៊ីធី កាលពីខែវិច្ឆិកា ឆ្នាំទៅ អាចមានកម្លាំងតតាំង ខ្លាំងជាងមេរោគក្លាយពូជដទៃទៀត ជាមួយវ៉ាក់សាំង ដែលមនុស្សកំពុងនាំគ្នាចាក់នាពេលបច្ចុប្បន្ន តែយ៉ាងណាក្ដី ក្រុមមន្ត្រីពេទ្យជាន់ខ្ពស់ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៥កុម្ភៈ) ម្សិលមិញ បានប្រញាប់ចេញមកថ្លែងសម្រាលការព្រួយបារម្ភនេះ ដោយបានបញ្ជាក់ថា វាហាក់ដូចជាលឿនពេកហើយ ក្នុងការប្រញាប់សរុបពីប្រសិទ្ធភាពរបស់វ៉ាក់សាំងជាមួយមេរោគក្លាយពូជមួយនេះ។
លោកវេជ្ជបណ្ឌិត ចេយ៍ វើម៉ា ប្រធានទីប្រឹក្សាខាងវេជ្ជសាស្ត្រ របស់លោក ប៊ីល ដឹ ប្រាស៊ីអូ អភិបាលក្រុងនីវយ៉ក បានបញ្ជាក់ថា វាហាក់ដូចជាលឿនពេកហើយ ក្នុងសន្និដ្ឋានលើលទ្ធផលពីបន្ទប់ប្រតិបត្តិការ ពាក់ព័ន្ធនឹងប្រសិទ្ធភាពរបស់វ៉ាក់សាំងផ្សេងៗ ដែលមានចំពោះវីរុសកូរ៉ូណាប្រភេទថ្មីក្លាយពូជមួយនោះ ព្រមទាំងបង្ហាញពីការបារម្ភកង្វល់ របស់បណ្ដាអ្នកវិទ្យាសាស្ត្រដទៃៗទៀត ដែលបានដាក់សំណួរថា តើហេតុអី បានលទ្ធផលនៃការស្រាវជ្រាវ ក្នុងរយៈបឋមនេះ បែកធ្លាយទៅដល់អ្នកសារព័ត៌មាន មុនដល់ដៃអ្នកជំនាញការ?។